សៀមរាប៖ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប បានរៀបចំពិធីសំណេះសំណាង និងជូនដំណើរយោធិននៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ដើម្បីចូលហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្រោមអធិបតីភាពរបស់ ឯកឧត្តម អ្នក ណារុន អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប និងលោកវរសេនីយ៍ឯក ស៊ូ កណ្ឋារដ្ឋ មេបញ្ជាការរង ទទួលការងារកសាងកម្លាំង តំណាងលោក ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង លោកសេនាធិការ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក លោកប្រធាន អនុប្រធានមន្ទីរ លោកនាយការិយាល័យ ជំនួយការ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ព្រមទាំងយោធិន នៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មីចំនួន ៦៨នាក់ និងមានមាតាបិតាបងប្អូនរបស់យោធិនផងដែរ។ ក្នុងពិធីនេះផងដែរ ឯកឧត្តម អភិបាលរងនៃគណៈអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរ វាយតម្លៃខ្ពស់ចំពោះកម្លាំងកងរាជអាវុធហត្ថខេត្ត ជានិច្ចជាកាលតែងតែយកចិត្តទុកដាក់ អនុវត្តការងារតាមតួនាទីភារកិច្ចរបស់ខ្លួនទាំងយប់ទាំងថ្ងៃភ្លៀងរលឹមពុំខ្លាចនឿយហត់ព្រមទាំងបានការពារសន្តិសុខ សុវត្ថិភាពជូនថ្នាក់ដឹកនាំឥស្សរជនជាន់ខ្ពស់និងប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដោយសម្រេចបានលទ្ធផលជាទីមោទន។ ឯកឧត្តម បានបន្តទៀតថាកងរាជអាវុធហត្ថ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់សាធារណៈ ថែរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ ជាពិសេសបានចូលរួមក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីត១៩ និងជួយសង្គ្រោះប្រជាពលរដ្ឋជួបក្នុងគ្រោះទឹកជំនន់ ខ្យល់កន្ត្រាក់ អគ្គិភ័យ និងគ្រោះមហន្តរាយផ្សេងៗជាច្រើនទៀត មិនតែប៉ុណ្ណោះកម្លាំងកងរាជអាវុធហត្ថខេត្តបានចុះបង្ក្រាបនូវបទល្មើសជួញដូរនិងប្រើប្រាស់គ្រឿងញៀន និងបង្ក្រាបបទល្មើសផ្សេងៗជាច្រើនទៀត។ ឯកឧត្តម បានផ្ដាំផ្ញើដល់យោធិននៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ត្រូវយកចិត្តទុកដាក់ខិតខំប្រឹងប្រែងសិក្សារៀនសូត្រស្ដាប់គ្រូឧទេ្ទស គោរពវិន័យ គោរពច្បាប់ ច្បាប់លក្ខន្តកៈរបស់កងទ័ពឲ្យបានខ្ជាប់ខ្ជួន ពេលសិក្សារៀនសូត្រចប់ត្រូវបម្រើប្រទេសជាតិ និងការពារសន្តិសុខឱ្យបានល្អប្រសើរ។
🔗 Join GRK NEWS Telegram Channel (http://t.me/GendarmerieRoyaleKhmereNews)
🔗 Facebook (https://www.facebook.com/GRKNews.Official) | Website (http://grk.gov.kh/) | YouTube (https://www.youtube.com/@grktv-gendarmerieroyalekhm9298)