បាត់ដំបង៖ ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង បានរៀបចំពិធីសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថខេត្តបាត់ដំបង ដែលទើបជ្រើសរើសថ្មី នឹងត្រូវចូលហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្រោមអធិបតីភាព ឯកឧត្ដម ធូ ភា អភិបាលរង នៃគណៈអភិបាលខេត្ដ តំណាង ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ដបាត់ដំបង និងលោកវរសេនីយ៍ឯក អ៊ឹម ដារ៉ា មេបញ្ជាការស្ដីទី តំណាង លោកឧត្ដមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ដបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកស្នងការរងនគរបាលខេត្ត ព្រមទាំងនាយទាហាន នាយទាហានរង និងឪពុក ម្តាយ យោធិននៃកងរាជអាវុធហត្ថដែលទើបជ្រើសរើសថ្មី។ ក្នុងឱកាសនេះដែរ លោកអភិបាលរងខេត្ត បានផ្ដាំផ្ញើដល់ប្អូនៗដែលបានប្រឡងជាប់ជាស្ថាពរ យោធិននៃកងរាជអាវុធហត្ថខេត្ដបាត់ដំបង នៅពេលចូលទៅសាលាហ្វឹកហ្វឺន ត្រូវប្រឹងប្រែង រៀនសូត្រគ្រប់មុខវិជ្ជាឱ្យបានល្អប្រសើរដើម្បីក្លាយខ្លួនជាទំពាំងស្នងឫស្សីនាពេលអនាគត លោកក៏បានឧបត្ថម្ភក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥០,០០០រៀល និងមី ចំនួន ១កេស។