ភ្នំពេញៈ នៅព្រឹកថ្ងៃទី០២ ខែឆ្នូ ឆ្នាំ២០១៦ នៅសាលប្រជុំ អគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលបន្ទុកការងារកសាងកម្លាំង តំណាងដ៏ ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា
អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញអធិបតីភាព ក្នុងពិធីបំពាក់ឋានន្តរសក្តិ និងប្រកាសមុខងារដល់នាយទាហាន កងរាជអាវុធហត្ថចំនួន១៥រូប រួមមាន ថ្នាក់ឧត្តមសេនីយ៍ទោ១រូប ថ្នាក់ឧត្តមសេនីយ៍ត្រី៨រូប ថ្នាក់វរសេនីយ៍ឯក៤រូប និងប្រកាសមុខងារ២រូប។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មានប្រសាសន៍ថា បំពាក់ឋានន្តរសក្តិនិងប្រកាសមុខងារ នាពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់ និងមានទំនុបចិត្តពីរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដល់នាយទាហាន កងរាជអាវុធហត្ថ ដែលបានខិតខំបំពេញភារកិច្ចមិនខ្លាចនឿយហត់ ហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងការរួម ចំណែកក្នុងការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដើម្បីបំរើសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ និង សង្គមជាតិទាំងមូល ស្របនឹងកំណែទម្រង់របស់កងយោធពលខេមរភូមិន្ទ ពិសេសកំណែទម្រង់ របស់កងរាជ-អាវុធហត្ថ តាមរចនាសម្ព័ន្ធចាត់តាំងថ្មីផងដែរ។
ក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្នុងនាម ឯកឧត្តម ផ្ទាល់ សូមសម្តែងនូវការកោតសរសើរនិងវាយតម្លែខ្ពស់ ចំពោះសា្នដៃ ដែលឯកឧត្តម អស់លោក ជានាយទាហានកងរាជអាវុធហត្ថទាំង១៥រូប និងកងរាជអាវុធហត្ថ គ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការបំពេញតួនាទី ភារកិច្ច និងបេសកកម្ម របស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបានសមិទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈ ជូនជាតិ មាតុភូមិ។
រយៈពេលកន្លងមក កម្លាំងកងរាជអាវុធហត្ថនៅទូទាំងប្រទេសនិយាយរួម និយាយដោយឡែក កងរាជអាវុធហត្ថ នៅចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានខិតខំបំពេញតួនាទី ភារកិច្ច របស់ខ្លួន ជានគរបាលរដ្ឋបាល នគរបាលយុត្តិធម៌ តម្រួតយោធា ផ្តល់កម្លាំងទៅអន្តរក្រសួងតាមការស្នើសុំ ដើម្បីពង្រឹងការអនុវត្តច្បាប់ និងការយកចិត្តទុកដាក់ក្នុងការបំពេញបេសកកម្ម បង្ការ បង្រ្កាប និងសង្គ្រោះ ប្រកបដោយប្រសិទ្ធិភាព ដែលគ្រប់ប្រតិបត្តិការរបស់កងរាជអាវុធហត្ថតែងតែ គោរពតាមច្បាប់ បទបញ្ជា ក្រម សីលធម៌វិជ្ជាជីវៈ និងគោរពសិទ្ធិមនុស្ស ធ្វើឲ្យមានការគាំទ្រពីគ្រប់មជ្ឈដ្ឋានក្នុងសង្គម និងបានចាត់ទុកថា កម្លាំងកងរាជអាវុធហត្ថ ជាកម្លាំងមួយផ្នែកដែលមិនអាចខ្វះបាន ក្នុងរួមចំណែករក្សាសន្តិសុខសង្គម សណ្តាប់ ធ្នាប់សាធារណៈ និងពង្រឹងការអនុវត្តច្បាប់នៅព្រះរាជណាចក្រកម្ពុជា។
ក្នុងនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានលើកយកពីទស្សនៈវិស័យក្នុងការដឹកនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ មេបញ្ជាការ នាពេលបច្ចុប្បន្ន និងទៅអនាគត ធ្វើយ៉ាងណា ឲ្យកម្លាំងអាវុធហត្ថមានភាពរឹងមាំទាំងបរិមាណនិងគុណភាព ដើម្បីរ៉ាប់រងភារកិច្ច ដែលរាជរដ្ឋភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ប្រគល់ជូន ពីព្រោះប្រតិបត្តិការរបស់កងរាជអាវុធហត្ថមានឧបនិស្ស័យជាអន្តរក្រសួង ប្រជាពលរដ្ឋ និងយោធិន ដោយ ហេតុដូច្នេះហើយទៀមទារឲ្យកងរាជអាវុធហត្ថមានសមត្ថភាពខ្ពស់ មានចំណេះដឹងផ្នែកយោធា ស៊ីវិល ច្បាប់ និងការគោរពសិទ្ធិមនុស្ស និងបានលើកកម្ពស់ហ្វឹកហ្វឺននូវសីលទាំងប្រាំយ៉ាង គឺស្មោះត្រង់ជាមួយជាតិ ស្មោះត្រង់ចំពោះសាសនា ស្មោះត្រង់ចំពោះព្រះមហាក្សត្រ មានភាពស្អាតស្អំ សុភាពរាបសា ប៉ុន្តែមានភាព ហ្មឹងម៉ាត់ក្នុងតួនាទីភារកិច្ចរបស់ខ្លួនប្រកាន់ភ្ជាប់នូវការគោរពច្បាប់ ក្រមសីលធម៌វិជ្ជាជីវៈ មានសមត្ថភាពឆ្លាតវៃ និងខិតខំប្រឹងបែ្រងធ្វើការហ្វឹកហ្វឺនជំនាញវិជ្ជាជីវៈ ឧស្សាហ៍ព្យាយាមក្នុងកិច្ចការងារប្រកបដោយភាពហ្មត់ចត់ និងត្រូវមានសេចក្តីក្លាហានចំពោះតួនាទី ភារកិច្ចរបស់ខ្លួន ដោយមានការទទួលខុសត្រូវចំពោះច្បាប់ ព្រមទាំង ហ្វឹកហ្វឺនធនធានមនុស្សឲ្យមានគុណភាព៥យ៉ាង សមត្ថភាពស្ទាត់ជំនាញខាងវិជ្ជាជីវៈ មានកម្លាំងខ្លាំងក្លា មានភាពរហ័សរហួន មានវិន័យនិងសេចក្តីថ្លៃថ្នូរ ព្រមជាមួយនោះខិតខំដោះស្រាយការងារគោលនយោបាយ កសាងសំណង់ជម្រុំជម្រក មធ្យោបាយគ្រឿងបំពាក់។
(អត្ថបទៈ លឹប គា)