You are currently viewing កម្លាំងអាវុធហត្ថខេត្តត្បូងឃ្មុំ បានបង្ក្រាបបទល្មើសដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត

កម្លាំងអាវុធហត្ថខេត្តត្បូងឃ្មុំ បានបង្ក្រាបបទល្មើសដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត

ត្បូងឃ្មុំ៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ។

យោងបទបញ្ជា លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ និងដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត

នៅវេលាម៉ោងប្រហែល ១៧:៥០នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ កម្លាំងកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោក វរសេនីយ៍ឯក ឈុំ សាវឿន មេបញ្ជាការរង បានចុះបង្ក្រាបបទល្មើសដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាតនៅតាមបណ្តោយផ្លូវជាតិលេខ៨ ចំណុចភូមិបឹងកក់ ឃុំដូនកឹង ស្រុកកំចាយមារ ខេត្តព្រៃវែង ។

ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ឈ្មោះ ប្រាក់ សីហា ភេទ ប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិអូរណា ឃុំខ្ទមស្រែ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី, ឈ្មោះ ម៉ាន់ អូយ ភេទ ប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅបច្ចុប្បន្នរស់នៅភូមិ ត្រពាំងស្រែ ឃុំ ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។

រថយន្ត ០១គ្រឿងម៉ាកធុនដ្រាពណ៌ទឹកមាសពាក់ស្លាកលេខ ភ្នំពេញ 2N- 7977 ឈើប្រភេទសុក្រមកែច្នៃធ្វើជាទ្វារ១០ សន្លឹក និងគ្រោងទ្វារ ៣០ដើម។

 

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងប្រគល់ឲ្យកម្លាំងជំនាញរដ្ឋបាលព្រៃឈើដើម្បីបន្តនីតិវិធី ។