កំពង់ធំ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំ ព្រឹកថ្ងៃអង្គារ ទី០២ ខែឧសភា ឆ្នាំ ២០២៣ លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងផ្លាស់ប្ដូរមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនយោធិននៃកងរាជអាវុធហត្ថខេត្ត ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ទាំង៩ ព្រមទាំង នាយទាហាន នាយទាហានរងជាច្រើនរូបទៀត។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ មេបញ្ជាការ បានមានប្រសាសន៍សំណេះសំណាល ផ្ដាំផ្ញើណែនាំដល់នាយអាវុធហត្ថ នាយអាវុធហត្ថរងដែលទើបទទួល បានការផ្ទេរភារៈកិច្ច តែងតាំងផ្លាស់ប្ដូរមុខតំណែង និងឋាន្តរសក្តិថ្មីនៅពេលនេះ ត្រូវខិតខំយកចិត្តទុកដាក់ប្រតិបត្តិតួនាទីភារៈកិច្ចរៀងៗខ្លួន ស្របតាមការទុកចិត្តរបស់ថ្នាក់លើ ដែលបានផ្តល់ជូននូវតួនាទីមុខងារ និងឋានន្តរស័កនៅពេលនេះ និងត្រូវមានសាមគ្គីឯកភាពផ្ទៃក្នុងរឹងមាំ គោរពវិន័យ គោរពតួនាទីភារកិច្ចគ្នា ព្រមទាំងអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួនបទបញ្ជារបស់ថ្នាក់លើ ។