ព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ បានដឹកនាំគណៈប្រតិភូ គណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានកិត្តិយស គណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឧត្តមសេនីយ៍ឯក សរ ម៉ឺន សាកលវិទ្យាធិការរង សាកលវិទ្យាល័យការពារជាតិ និងជាសមាជិកនៃ “យ.ជ.ប.ទ.” ដែលបានទទួលមរណភាពកាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ ដោយជរាពាធ ក្នុងជន្មាយុ៧៥ឆ្នាំ។
នាពេលនោះដែរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានពាំនាំការសោកស្តាយប្រកបដោយសមានទុក្ខក្រៀមក្រំជាទីបំផុតពីសំណាក់សម្តេចតេជោ និងបាននាំយកថវិកាចំនួន២០លានរៀល ចូលបុណ្យផងដែរ។ ថវិកានោះ ជាមូលនិធិតេជោ១២៥ ដែលបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន ប្រធានកិត្តិយស “យ.ជ.ប.ទ.” ដើម្បីជួយជ្រោមជ្រែងដល់ជីវភាពរស់នៅរបស់យុទ្ធមិត្ត ពិសេសអ្នកដែលមានជីវភាពទន់ខ្សោយ ជួបទុក្ខលំបាក ។ល។