កណ្តាល៖ ព្រឹកថ្ងៃអង្គារ ទី០៩ ខែឧសភា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល បានបើកវគ្គបំប៉នជំនាញការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ប្រចាំឆមាសទី១ ឆ្នាំ២០២៣ ដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្ត ។ ពិធីនេះក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល និងដោយមានការអញ្ជើញចូលរួមពីលោក មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការវរអន្តរាគមន៍ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុកទាំង ១១ គ្រូឧទ្ទេសនាម និងសិក្ខាកាម (សរុបចំនួន ៨៧នាក់)។
ក្នុងឱកាសនោះលោក ឧត្តមសេនីយ៍ មេបញ្ជាការបានណែនាំផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ពេលកំពុងរៀនសូត្រ ត្រូវយកចិត្តទុកដាក់ស្តាប់ក្រេបជញ្ជក់យកចំណេះដឹងដែលបានសិក្សារៀនសូត្ររួច ពេលត្រឡប់ទៅអង្គភាពវិញ ត្រូវយកចំណេះដឹងដែលបានមកពីការបំប៉នរៀនសូត្រនោះ ទៅអនុវត្តន៍ក្នុងការបំពេញតួនាទី ភារកិច្ច ឲ្យចំទិសដៅ ត្រូវគោរពបទបញ្ជា វិន័យ មានគុណធម៌ សាមគ្គីឯកភាពផ្ទៃក្នុង និងមានកិច្ចសហការល្អជាមួយគ្រប់ស្ថាប័នមានសមត្ថកិច្ច អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ជៀសវាងធ្វើអ្វីនាំឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងសេចក្ដីថ្លៃថ្នូរ របស់កងរាជអាវុធហត្ថ ទាំងនេះជាអនុសាសន៍ដឹកនាំដ៏ របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលតែងតែក្រើនរំលឹក ដាស់តឿន ដល់ថ្នាក់ក្រោមឲ្យអនុវត្តន៍ជាប្រចាំ និងត្រូវការពារដាច់ខាតនូវរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំ ទោះឋិតនៅក្នុងតម្លៃណាកដោយដើម្បីស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍន៍ ដែលជាសេចក្តីត្រូវការចាំបាច់បំផុត របស់ប្រជាពលរដ្ឋគ្រប់ៗរូប។