ក្រចេះៈ នៅវេលាម៉ោង២២ និង៥០នាទីយប់ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ស្ថិតនៅចំណុចភូមិដូនជ្រាំ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ជាប់ពាក់ព័ន្ធជាមួយករណីហិង្សាដោយចេតនា។
នេះបើតាមប្រភពពត៌មានពី ភ្នាក់ងារ GRK News ប្រចាំខេត្តក្រចេះ បានឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះមានឈ្មោះ សោម បូរិន្ទ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិដូនជ្រាំ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។
ភ្នាក់ងារដដែល បានបន្តអោយដឹងទៀតថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺធ្វើឡើងទៅតាមពាក្យបណ្តឹងរបស់ជនរងគ្រោះមានឈ្មោះ ណុប ជា ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅភូមិដូនជ្រាំ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ដែលបានចោទប្រកាន់ទៅលើជនសង្ស័យថាបាន យក ថ្មចង្ក្រានគប់ទៅលើខ្លួន បណ្តាលឲរបួសធ្ងន់ ចំគ្រាប់ភ្នែក និងមាត់។
ភ្នាក់ងារបានបន្ថែមអោយដឹងទៀតថា នៅមុខមន្ត្រីកងរាជអាវុធហត្ថ ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើដូចជាការចោទប្រកាន់ពិតប្រាកដមែន ពីព្រោះរូបគេមានទំនាស់ពាក្យសំដីជាមួយជនរងគ្រោះជាយូរមកហើយ។
ជនសង្ស័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
(អត្ថបទៈ ម៉ាន់ ដាវីត)