កណ្តាលៈ ដោយអនុវត្តន៏តាមភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថលើការងារ បង្ការ បង្ក្រាប និងសង្គ្រោះ ដែលជាយន្តកាដឹកនាំ ដ៏មានប្រសិទ្ធភាព របស់ ឯកឧត្តម នាយឧត្តមសេនីយ៏ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រោមការបញ្ជាផ្ទាល់របស់ លោក
ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល ដែលតែងតែយកចិត្តទុកដាក់ក្នុងការអនុវត្តន៍ យន្តកាខាងលើ ពិសេស លោកឧត្តមសេនីយ៍ត្រី ជំរុញ តាស់តឿនក្រើនរំលឹក ដល់ជំនាញ មេបញ្ជាការ គ្រប់លំដាប់ថ្នាក់ ឲ្យធ្វើសកម្មភាពបង្ការ បង្ក្រាប សង្គ្រោះ ជាប្រចាំដូចភ្លៀងរលឹម ។
ជាក់ស្តែង នៅវេលាម៉ោង២២ និង១៥នាទីយប់ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន ស្ថិតនៅចំណុចភូមិតាដោលទី១ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
នេះបើតាមប្រភពពត៌មានពីលោកវរសេនីយ៍ទោ ពក សាង មន្ត្រីកងរាជអាវុធហត្ថខេត្តកណ្តាល បានឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុថហត្ថធ្វើការឃាត់ខ្លួននោះមានឈ្មោះ ឈឿន រដ្ឋា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាដោលទី១ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
មន្ត្រីដដែលបានបន្តអោយដឹងទៀតថា កម្លាំងក៏បានចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន០១កញ្ចប់
០២. ទូរស័ព្ទដៃចំនួន០១គ្រឿង
០៣. លុយខ្មែរ ចំនួន០៤ម៉ឺនរៀល
០៤. ពិលចំនួន០១គ្រឿង
០៥. ជំពាមកៅស៊ូចំនួន០១ និងដែកស្រួចំនួន០១។
បន្ទាប់ពីធ្វើការឃាត់ខ្លួនរួចមក ជនសង្ស័យត្រូវបានបញ្ចូនទៅបញ្ជាការដ្ឋានខេត្ត ដើម្បីធ្វើការសាកសួរបន្ត។ បន្ទាប់ពីធ្វើការសាកសួររួចមក ជនសង្ស័យនោះបានឆ្លើយសារភាពថារូបគេបានបោះថ្នាំញៀនចោលចំនួន១០កញ្ចប់ហើយ នូវពេលដែលគេឃើញកម្លាំងកងរាជអាវុធហត្ថ។ បន្ទាប់ពីទទួលបានចម្លើយសារភាពរួចមក កម្លាំងកងរាជអាវុធហត្ថ ក៏បាននាំខ្លួនជនសង្ស័យទៅចង្អុលបង្ហាញកន្លែងដែលរូបគេបោះថ្នាំញៀននោះចោល។ ពេលទៅដល់កន្លែងកើតហេតុ កម្លាំងកងរាជអាវុធហត្ថក៏បានរកឃើញថ្នាំញៀនចំនួន១០កញ្ចប់នោះ ពិតប្រាកដមែន។
ជនសង្ស័យខាងលើ បានបន្តឆ្លើយសារភាពថា រូបគេ បានទិញថ្នាំញៀនទាំងនោះ ពីបក្ខពួកម្នាក់ទៀតមានឈ្មោះ ថន ប៊ុនសុខហេង រស់នៅរាជធានីភ្នំពេញជាអ្នកយកមកលក់ឲ្យខ្លួន។
បន្ទាប់ពីទទួលបានចម្លើយសារភាពរួចមក នៅល្ងាចថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយកម្លាំងមូលដ្ឋានស្រុកកណ្តាលស្ទឹង បានធ្វើការពួនស្ទាក់ចាំជនសង្ស័យខាងលើ រហូតឈានដល់ការឃាត់ខ្លួនបានឈ្មោះថន ប៊ុនសុខហេង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរលក់ខោអាវ ស្នាក់នៅផ្ទះជួលជិតផ្សារអុីអន ភ្នំពេញ នៅចំណុចភូមិ តាដោលទី១ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
មន្ត្រីដដែលបានបន្តអោយដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យទី២នោះ កម្លាំងក៏បានចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន០២កញ្ចប់ ដែលមានទម្ងន់ ៥.៦២ក្រាម
០២. ទូរស័ព្ទដៃចំនួន០២គ្រឿង
០៣. លុយខ្មែរ ចំនួន៣៥០០រៀល
០៤. ម៉ូតូចំនួន០១គ្រឿង
០៥ កាបូបលុយ ចំនួន០១។
បន្ទាប់ពីធ្វើការឃាត់ខ្លួនរួចមក ជនសង្ស័យទី២នោះ ត្រូវបានបញ្ចូនទៅបញ្ជាការដ្ឋានខេត្ត ដើម្បីធ្វើការសាកសួរបន្ត។ បន្ទាប់ពីធ្វើការសាកសួររួចមក ជនសង្ស័យទី២នោះ បានឆ្លើយសារភាពថារូបគេ បានទិញថ្នាំញៀនទាំងនោះពីបក្ខពួកម្នាក់ទៀត ដែលមានឈ្មោះ រស់ ទ្រី ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំព្រះនិពា្វន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
បន្ទាប់ពីទទួលបានចម្លើយសារភាពរួចមក នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្្ញា អមសាលាដំបូងខេត្តកណ្តាល បានធ្វើការឆែកឆេរលំនៅដ្ឋានជនសង្ស័យទី៣នោះ ក៏បានរកឃើញវត្ថុតាងមួយចំនួនរួមមានៈ
០១. ដាវដែក ចំនួន០២ដើម
០២. ជំពាមកៅស៊ូ ចំនួន០១ដើម
០៣. កន្ត្រៃដែកចំនួន០១ដើម
០៤. ដែកកេះចំនួន០៣ដើម និងសំភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
(អត្ថបទ ម៉ាន់ ដាវីត)