You are currently viewing ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធី បិទការប្រកួតបាល់ទាត់តំណាងយុវនិស្សិតខេត្តបន្ទាយមានជ័យ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធី បិទការប្រកួតបាល់ទាត់តំណាងយុវនិស្សិតខេត្តបន្ទាយមានជ័យ

ភ្នំពេញៈ នៅរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងបរិវេណវិទ្យាល័យឥន្ទ្រទេវី បានប្រារព្ធពិធីបិទការប្រកួតបាល់ទាត់តំណាងយុវនិស្សិតខេត្តបន្ទាយមានជ័យ ប្រចាំនៅរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងឯកឧត្តម ឡៃ គឹមលី នាយករង ខុទ្ទការល័យ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន។

ព្រឹត្តិការណ៍នៃការប្រកួតបាល់ទាត់ដែលបានរៀបចំឡើងដោយក្រុមយុវនិស្សិតជាយដែនក្នុងខេត្តបន្ទាយមានជ័យ កំពុងសិក្សានៅរាជធានីភ្នំពេញមួយនេះ គឺជាគំនិតផ្តួចផ្តើមដ៏ល្អប្លែកនិងថ្មីមួយគួរឲ្យចាប់អារម្មណ៍ក្នុងការគាំទ្រលើកស្ទួយវិស័យបាល់ទាត់ រឹតចំណងសាមគ្គីភាពរវាងយុវជន និងអូសទាញយុវជនងាកមកស្រឡាញ់និងលេងកីឡាតាំងចិត្តថាទេចំពោះគ្រឿងញៀនផងដែរ។

កម្មវិធីនៃការប្រកួតនេះបានចាប់ផ្តើមឡើងពីថ្ងៃទី២៨ ខែសីហា មកទល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ គឺមានរយៈពេល៣ខែហើយ ដោយធ្វើការប្រកួតវិលជុំតែក្នុងថ្ងៃចុងសប្តាហ៍ និងមានកីឡាករ០៧ក្រុម តំណាងស្រុកក្រុងក្នុងខេត្តបន្ទាយមានជ័យចូលរួមប្រកួតប្រជែងគ្នា រួមមានក្រុមកីឡាបាល់ទាត់តំណាង ក្រុងសិរីសោភ័ណ, ក្រុងប៉ោយប៉ែត, ស្រុមង្គលបូរី, ស្រុកព្រះនេត្រព្រះ, ស្រុកម៉ាឡៃ, ស្រុកភ្នំស្រុក និងស្រុកស្វាយចេក។

វត្តមានរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជាគណអធិបតីក្នុងកម្មវិធីនេះផងដែរ ក៏ព្រោះ ឯកឧត្តម ធ្លាប់មានមនោសញ្ចេតនាផ្សារភ្ជាប់ ជាមួយវិស័យបាល់ទាត់របស់ខេត្តបន្ទាយមានជ័យ តាំងពី ឯកឧត្តម នៅជា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលកាលនោះ ឯកឧត្តម ទទួលបានការអនុញ្ញាតិពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានធ្វើការផ្តួចផ្តើមបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យកីឡាបាល់ទាត់ជាច្រើនក្នុងខេត្តបន្ទាយមានជ័យ ដោយសហការជាមួយសហព័ន្ធបាល់ទាត់កម្ពុជា ដូចជា៖ បានធ្វើការបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល និងអាជ្ញាកណ្តាលបាល់ទាត់បានចំនួន០៧វគ្គ ដែលមានសិក្ខាកាមចំនួន១៩៥នាក់ចូលរួម ក្នុងនោះមានស្រី០៧នាក់ មកពីគ្រប់បណ្តាមូលដ្ឋានទូទាំងខេត្ត និងបានផ្តួចផ្តើមបង្កើតនិងឧបត្ថម្ភក្លឹបហ្វឹកហាត់កីឡាបាល់ទាត់គ្រប់កំរិតបានចំនួន១២៥ក្រុម។

ដោយឡែកនៅរាជធានីភ្នំពេញនេះ ឯកឧត្តម រ័ត្ន ស្រ៊ាង បានបន្តសហការជាមួយសហព័ន្ធបាល់ទាត់កម្ពុជា បើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលនិងអាជ្ញាកណ្តាល២វគ្គរួមគ្នាកាលពីចុងឆ្នាំ២០១៤ ដោយមានសិក្ខាកាមចំនួន៣៥នាក់ និង បានរៀបចំឲ្យមានកាប្រកួតដណ្តើមពានរង្វាន់ក្នុងខណ្ឌដង្កោមួយលើក តាមរយៈការបំផុសឲ្យមានក្រុមកីឡាករតាមបណ្តាសាលារៀនរហូតដល់៣៣ក្រុម។ លើសពីនេះទៀតកីឡាករអាយុក្រោម១៤ឆ្នាំរបស់ក្លឹបអធិរាជភ្នំស្វាយ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលបានបង្កើតនិងឧបត្ថម្ភទាំងស្រុងពីឯកឧត្តម រ័ត្ន ស្រ៊ាង ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ជ្រើសរើសចូលជាកីឡាករជម្រើសជាតិចំនួន០៥នាក់ផងដែរ ។

ឆ្លៀតក្នុងឱកាសជួបជុំពោរពេញទៅដោយអត្ថន័យនិងសប្បាយរីករាយនេះ ឯកឧត្តម រ័ត្ន ស្រ៊ាង បានបង្កើតបរិយាកាសស្និតស្នាលជាមួយប្អូនៗសិស្សានុសិស្សដែលមកចូលរួមទស្សនាការប្រកួតបាល់ទាត់ ដោយបាននាំយកការ៉េម៦០០ដើម នំប៉័ង៥០០ចែកជូនពួកគាត់បរិភោគជាមួយគ្នាដោយភាពញញឹមញញែមកក់ក្តៅ។ ក្រោយចប់ការប្រកួតឯកឧត្តម រ័ត្ន ស្រ៊ាង បានឧបត្ថម្ភដល់ក្រុមកីឡាករជាប់ចំណាត់ថ្នាក់លេខ១ចំនួន១លានរៀល, លេខ២ចំនួន៨០ម៉ឺនរៀល, លេខ៣ចំនួន៦០ម៉ឺនរៀល និង៤ក្រុមទៀតដែលមិនមានចំណាត់ថ្នាក់ទទួលបានការលើកទឹកចិត្តក្នុង១ក្រុមចំនួន៤០ម៉ឺនរៀល ក្រៅពីនេះឯកឧត្តម រ័ត្ន ស្រ៊ាង បានដោះស្រាយសម្ភារៈកីឡារួមមានខោអាវ ស្បែកជើង ស្រោមជើង ទ្រនាប់ស្មងជើង បាល់ ស្រោមដៃ កោនហ្វឹកហ្វាត់ ជូនដល់កីឡាករ២៧នាក់ដែលបានជ្រើសចេញពីក្រុមទាំង៧ បង្កើតជាក្រុមថ្មីមួយ តំណាងឲ្យយុវនិស្សិតខេត្តបន្ទាយមានជ័យ, ឧបត្ថម្ភជូនវិទ្យាល័យឥន្ទ្រទេវីនូវថវិកា១លានរៀល និងបាល់២០គ្រាប់ ព្រមទាំងឧបត្ថម្ភលើការចំណាយក្នុងការរៀបចំកម្មវិធីបិទការប្រកួតថ្ងៃនេះទាំងស្រុងផងដែរ។

ជាចុងក្រោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានសន្យាជាមួយប្អូនៗយុវនិស្សិតខេត្តបន្ទាយមានជ័យទាំងអស់ថា និងជួយឧបត្ថម្ភឲ្យមានការប្រកួតបែបនេះទៀតនៅឆ្នាំក្រោយៗទៀត។
%e1%9f%84%e1%9f%a1

%e1%9f%84%e1%9f%a2

%e1%9f%84%e1%9f%a3

%e1%9f%84%e1%9f%a4

%e1%9f%84%e1%9f%a7

%e1%9f%84%e1%9f%a8

%e1%9f%84%e1%9f%a9

%e1%9f%84%e1%9f%a1%e1%9f%a0

%e1%9f%84%e1%9f%a1%e1%9f%a1