ព្រះសីហនុ៖ អនុវត្តតាមគោលការណ៍ដឹកនាំ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចាត់តំណាងគឺលោកឧត្តមសេនីយ៍ត្រី ខៀវ សំណាង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំក្រុមការងារ អញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកនូវថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្ត ចំនួន ៥,០៨០,០០០រៀល ប្រគល់ជូនលោក អនុសេនីយ៍ត្រី គាំ ឧត្តម ជំនួយការការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស ដែលជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ នឹងកំពុងសម្រាលព្យាបាលនៅគេហដ្ឋាន ស្ថិតក្នុងក្រុមទី២១ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។
ថវិកាទាំងអស់នេះគឺបានមកពីការចូលរួមចំណែកដោយស្ម័គ្រចិត្តរបស់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត និងបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត ដែលជួបការលំបាក ខ្វះខាតជាក់ស្តែង និងមានជំងឺប្រចាំកាយ។
ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តព្រះសីហនុ ក៏បានពាំនាំនូវការនឹករំលឹក សាកសួរសុខទុក្ខ ពីសំណាក់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ និងណែនាំដល់លោកអនុសេនីយ៍ត្រី គាំ ឧត្តម ព្រមទាំងក្រុមគ្រួសារ ត្រូវយកចិត្តទុកដាក់មើលថែទាំសុខភាព ដោយឧស្សាហ៍ហាត់ប្រាណ ហូបអាហារបំប៉នដែលមានជីវជាតិជួយទ្រទង់រាងកាយ និងលេបថ្នាំតាមវេជ្ជបញ្ជារបស់លោកគ្រូពេទ្រជំនាញ ទើបឆាប់បានជាស្បះស្បើយឡើងវិញ។