ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ បន្ទាប់ពីបានពាក្យបណ្តឹង អំពីករណីធាក់ប្លន់ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកការស្រាវជ្រាវ រហូតប្រទះឃើញម៉ូតូជនរងគ្រោះកំពុងត្រូវបានបុរសម្នាក់ជិះនៅលើដងផ្លូវ ត្រង់ចំណុចរង្វង់មូលកួរស្រូវ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដង្កោ បានសហការជាមួយ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ បានប្រទះឃើញមុខសញ្ញាសង្ស័យ និងឃាត់ខ្លួនជនសង្ស័យ ចំនួន ០១នាក់ រួមជាមួយម៉ូតូ០១គ្រឿង ដែលជារបស់ជនរងគ្រោះ ត្រូវបានក្រុមជនសង្ស័យដោះស្លាកលេខចេញដើម្បីបំបាត់ភស្តុតាង នៅបន្ទប់ជួលលេខ១២ ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាកាដើម្បីចាត់ការតាមនីតិវិធី និងកំពុងបន្តធ្វើការស្រាវជ្រាវករណីខាងលើ ដោយយកចិត្តទុកដាក់ ដើម្បីស្វែងរកក្រុមជនសង្ស័យដែលពាក់ព័ន្ធយកមកផ្តន្ទាទោសតាមច្បាប់បន្តទៀត។