ព្រះសីហនុ៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រោមការដឹកនាំបញ្ជាផ្ទាល់លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យបទល្មើសព្រហ្មទណ្ឌ មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយលោក វរសនីយ៍ទោ សួ ស៊ន អនុប្រធានមន្ទីរ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានបើកប្រតិបត្តិការស្រាវជ្រាវ ស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ស្វែងរកមុខសញ្ញាបទល្មើស ឈានដល់ការបង្ក្រាបក្រុមចោរឆក់យ៉ាងសកម្មក្នុងក្រុងព្រះសីហនុ និងរាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ១៥នាក់ ព្រមទាំងចាប់យកវត្ថុតាងមួយចំនួនមាន ម៉ូតូចំនួន ០៧គ្រឿង, ទូរស័ព្ទដៃចំនួន ១១គ្រឿង, នាឡិកាដៃចំនួន ០២គ្រឿង, លោហៈពណ៌លឿង (ចិញ្ជៀន) ចំនួន ០១វង់, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ០១សន្លឹក, ប័ណ្ណចាក់វ៉ាក់សាំងចំនួន ០១សន្លឹក, សំបុត្របញ្ជាក់កំណើតចំនួន ០១ច្បាប់, សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន, និងកញ្ចក់ម៉ូតូចំនួន ០២គូរ។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានការិយាល័យជំនាញចាត់ការតាមនីតិវិធី។