ស្វាយរៀង៖ ព្រឹកថ្ងៃអាទិត្យ ទី១១ ខែមិថុនា ឆ្នាំ២០២៣ នៅឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង ឯកឧត្តម សៅ សុខា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុករមាសហែក អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុង១កន្លែង ស្ថិតនៅភូមិតាកុដនិងភូមិស្វាយប៉ោ ព្រមទាំងសមិទ្ធផលនានានៅឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង។
អញ្ជើញចូលរួមក្នុងពិធីនេះមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀង និងជាក្រុមការងារចុះមូលដ្ឋានឃុំ ស្រុករមាសហែក យាយជី តាជី ប្រជាពលរដ្ឋ យុវជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធ និងប្រជាការពារ។
មានមតិក្នុងពិធីសម្ពោធនេះ ឯកឧត្តម សៅ សុខា បានផ្តាំផ្ញើប្រជាពលរដ្ឋទាំងអស់ចូលរួម ការពារសន្តិភាព ការពារអភិវឌ្ឍន កុំជឿ កុំធ្វើតាម កុំស្តាប់តាមការញុះញង់មជ្ឈដ្ឋានបំផ្លាញសុខសន្តិភាព ព្រមទាំងចូលរួម គាំទ្រគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព បង្ករបង្កើនផល ធ្វើស្រែ ដាំដំណាំផ្សេងៗ ដើម្បីបង្កើនជីវភាពរស់នៅ និងស្នើដល់ប្រជាពលរដ្ឋពិនិត្យរាល់ឯកសារបោះឆ្នោត បើខូចឬបាត់ត្រូវរាយការណ៍ជូនស្ថាប័ន អាជ្ញាធរ មានសមត្ថកិច្ច ទាន់ពេលវេលា និងសូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងចូលរួមថែរក្សាសំណង់ដែលកើតឡើងពេលនេះ ដើម្បីប្រើប្រាស់បានយូរអង្វែង។