រតនគិរីៈ ឈើប្រណិតល្មើសច្បាប់ជាច្រើនដុំ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូជ្រាដាវ សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបរកែវ និងកម្លាំងចម្រុះ បានធ្វើការរកឃើញ នៅវេលាម៉ោង០៨ និង៤០នាទីព្រឹក ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុច ភូមិបាដល់ ឃុំសេសាន ស្រុកអូជ្រាដាវ ខេត្តរតនគិរី។
នេះបើតាមការអោយដឹងពីលោក មន្ត្រីកងរាជអាវុធហត្ថខេត្តរតនគិរី បានអោយដឹងថា ឈើល្មើសច្បាប់ទាំងនោះគឺជាឈើដែល ពួកឈ្មួញខិលខូច បានយកទៅលាក់ទុកចំងាយពីផ្ទះអ្នកភូមិខាងលើចំងាយ១០ម៉ែត្រ ជាប់មាត់ទន្លេសេសាន ដែលបំរុងដឹកបន្តតាមទន្លេទៅលក់នៅប្រទេសវៀតណាម។
មន្ត្រីដដែលបានបន្តទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានចាប់យកឈើល្មើសច្បាប់ ប្រភេទឈើសុក្រមចំនួន២០០ដុំផងដែរ (ពុំទាន់វាស់វែង)។
បច្ចុប្បន្នវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តរតនគិរី កំពុងកសាងសំណុំរឿង ដើម្បីប្រគល់ជូនខណ្ឌរដ្ឋបាលព្រៃឈើ ចាត់ការបន្តតាមនិតិវិធី។ ចំណែកជនល្មើស ត្រូវបានកម្លាំងកងរាជអាវុធហត្ថកំពុងស្វែងរក ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។
(អត្ថបទ ម៉ាន់ ដាវីត)