កណ្តាល៖ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីននិងកាកសំណល់សង្គ្រាម បានប្រារព្ធពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញអាវុធហត្ថដល់កម្លាំងត្រៀមចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេរមភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធលើផ្ទៃប្រទេស។ ក្នុងវគ្គនេះ មាននាយទាហាននៃកងរាជអាវុធហត្ថចំនួន៣៨នាក់ (នារី១៣នាក់) ចូលរួមហ្វឹកហ្វឺនរៀនសូត្រផងដែរ។
ក្រោយពីឯកឧត្តម ឧត្តមសេនីយ៍ទោ តាំង ចាន់ពន្លឺ នាយក នាយកផែនការប្រតិបត្តិការនិងហ្វឹកហ្វឺន បានធ្វើសេចក្តីរាយការណ៍រួចមក ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានមានប្រសាសន៍ដោយពាំនាំនូវការផ្តាំសួរសុខទុក្ខ នឹករលឹកយ៉ាងជ្រាលជ្រៅពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងពីឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ជូនចំពោះមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីននិងកាកសំណល់សង្គ្រាម ជាពិសេសនាយទាហាននិងសិក្ខាកាមដែលមានវត្តមាននៅទីនេះ។ ជាមួយគ្នានោះ ឯកឧត្តម នាយឧត្តមសេនីយ៍ បានអរគុណចំពោះប្រទេសបារាំងតាមរយៈសហប្រតិបត្តិការបារាំង ដែលទំនាក់ទំនងជាយូរយារណាស់ហើយ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជាគ្រប់ផ្នែក បានជួយគាំទ្រទាំងសម្ភារៈនិងហិរញ្ញវត្ថុផងដែរ។
នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ បានមានប្រសាសន៍ នៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា កម្ពុជាមិនដែលមានវត្តមានចូលរួមជាមួយប្រជាជាតិលើពិភពលោកទេ ទើបតែសម័យតេជោ ទើបមានវត្តមានកងទ័ពដែលមានឈាមខ្មែរបានចេញទៅក្រៅប្រទេស បំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ ដើម្បីចូលរួមការពារសន្តិភាព ការពារសន្តិសុខ និងការពារអាយុជីវិតរបស់មនុស្ស។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា នេះគឺជាឱកាសមាសរបស់យោធិនម្នាក់ៗនៃកងយោធពលខេមរភូមិន្ទ ដែលបានមកបណ្តុះបណ្តាលហ្វឹកហ្វឺននៅមជ្ឈមណ្ឌលនេះ ហើយត្រៀមខ្លួនចេញទៅចូលរួមបំពេញបេសកកម្មនៅឯក្រៅប្រទេស គឺជាការសាកល្បង វាស់ស្ទង់សមត្ថភាពយោធិននៃកងយោធពលខេមរភូមិន្ទទៅនឹងស្តង់ដារអន្តរជាតិ ដោយយកចំណេះដឹងទៅអនុវត្តនៅក្រៅប្រទេស បន្ទាប់មកពេលត្រឡប់មកវិញយកបទពិសោធន៍ដែលទទួលបានពីប្រទេសក្រៅ មកធ្វើការនៅក្នុងកងទ័ពកម្ពុជាតាមជំនាញដែលបានរៀនសូត្រហ្វឹកហ្វឺននោះ។ ជាបន្ត ឯកឧត្តម នាយឧត្តមសេនីយ៍ បានមានប្រសាសន៍ថា ខ្ញុំនឹងលើកជាទស្សនៈជូនថ្នាក់ដឹកនាំចំពោះអ្នកដែលបានបណ្តុះបណ្តាលនៅទីនេះ ចេញបំពេញបេសកកម្មនៅក្រៅប្រទេស ពេលត្រឡប់មកវិញ គួរតែទទួលបានកន្លែងការងារជំនាញដែលពួកគាត់បានធ្វើនោះ គឺរៀនជំនាញអ្វីមកធ្វើការជំនាញនឹងវិញ កុំចាត់តាំងខុសជំនាញ។ ទន្ទឹមនឹងនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ បានជំរុញដល់សិក្ខាកាមទាំងអស់នាំវប្បធម៌កម្ពុជាឱ្យបរទេសស្គាល់ផង តាមរយៈការផ្សព្វផ្សាយដូចជា រូបប្រាសាទអង្គរវត្ត ឬរបាំប្រពៃណីជាដើម ដើម្បីឱ្យបរទេសទូទាំងពិភពលោកស្គាល់ខ្មែរ។
ជាចុងក្រោយ ឯកឧត្តម នាយឧត្តមសេនីយ៍ បានមានប្រសាសន៍ថា ការចូលរួមបំពេញបេសកកម្មក្រៅប្រទេសនេះ គឺការពារជីវិតមនុស្ស ការពារសិទ្ធិសេរីភាព និងពង្រឹងការអនុវត្តច្បាប់។ ដើម្បីទទួលបានជោគជ័យក្នុងការងារ គឺមាន២ចំណុចសំខាន់៖ ទី១-មានចំណេះដឹង គឺសមត្ថភាព ហើយត្រូវរៀនពីគ្រូ ខិតខំរៀនសូត្រឱ្យចាំ ឱ្យចេះស្ទាត់ ហើយមជ្ឈមណ្ឌលត្រូវតែបង្រៀនឱ្យអស់កម្មវិធី។ ទី២-មានជំនឿនិងការចូលរួម ហើយដើម្បីទទួលបានការចូលរួមនិងមានការជឿទុកចិត្ត សិក្ខាកាមទាំងអស់ត្រូវអប់រំហ្វឹកហ្វឺន កសាងខ្លួនឱ្យមានលក្ខណៈសម្បត្តិ៥យ៉ាងជាអាទិ៍៖ ១-មានសេចក្តីស្មោះត្រង់។ ២-ត្រូវមានការគោរព ការស្រលាញ់ និងចេះជួយដោះស្រាយទុកលំបាកគ្នាទៅវិញទៅមក។ ៣-មានសេចក្តីក្លាហានទទួលខុសត្រូវតួនាទី ភារកិច្ចរបស់ខ្លួន ការងារណាក៏ដោយបើគ្មានការចាប់ផ្តើមគឺគ្មានទីបញ្ចប់ទេ។ ៤-ត្រូវឧស្សាហ៍ព្យាយាម។ ៥-ត្រូវចាំថា ត្រូវតែមានការសាមគ្គី ត្រូវមានវិន័យល្អ។
ក្នុងពិធីនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានប្រគល់ភេសជ្ជៈនិងមីជូនដល់មជ្ឈមណ្ឌល ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ ជាមួយគ្នានោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ បានប្រគល់កញ្ចប់ថវិកាចំនួន១០លានរៀលនិងស្បែកជើងកីឡាដល់សិក្ខាកាមក្នុងម្នាក់ៗចំនួន១គូរផងដែរ។(អេង ហ៊ី)