You are currently viewing ថ្ងៃនេះ ជនសង្ស័យចំនួន៤នាក់ពាក់ព័ន្ធនឹងកាប់ឈើតំបន់រមណីដ្ឋានប្រាសាទព្រះវិហារ ត្រូវបានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះវិហារ

ថ្ងៃនេះ ជនសង្ស័យចំនួន៤នាក់ពាក់ព័ន្ធនឹងកាប់ឈើតំបន់រមណីដ្ឋានប្រាសាទព្រះវិហារ ត្រូវបានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះវិហារ

ព្រះវិហារ៖ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងជំនាញយុត្តិធម៌នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ បានបញ្ជូនជនសង្ស័យពាក់ព័ន្ធនឹងបទល្មើសព្រៃឈើចំនួន៤នាក់ទៅអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ដើម្បីចាត់ការបន្តតាមនីតិវិធី។ សូមរំលឹកផងដែរថា កាលពីព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោងប្រមាណ៦និង០៥នាទី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា
អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំផ្ទាល់ចុះបង្ក្រាបបទល្មើសព្រៃឈើមួយកន្លែង ស្ថិតនៅក្នុងភូមិសែនជ័យ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ កិច្ចប្រតិបត្តិការនោះ បានប្រើប្រាស់កម្លាំងកងរាជអាវុធហត្ថចំនួនប្រមាណជាង២០០នាក់ និងមានការប្រើប្រាស់ឧទ្ធោម្ភាចក្រចំនួន៣គ្រឿងផងដែរ។ កម្លាំងបានធ្វើការឡោមព័ន្ធទីតាំងរោងសិប្បកម្មកែច្នៃផល អនុផលព្រៃឈើរបស់ក្រុមហ៊ុនហុង សុភាព ឌីវេឡុបមែន ស្ថិតក្នុងភូមិសែនជ័យ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ កម្លាំងជំនាញបានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ ពិនិត្យ វាស់វែង និងធ្វើការផ្ទៀតផ្ទាត់យថាប្រភេទឈើនៅក្នុងព្រៃជាក់ស្តែងឃើញមានគល់ឈើសរុបចំនួន១៤៤គល់ក្នុងនោះ គល់ឈើចំនួន៥៤គល់ គឺស្ថិតនៅក្នុងដីសម្បទានសង្គមកិច្ចភូមិសែនជ័យ ឃុំកន្ទួត ស្រុកជាំក្សាន្ត។ រីឯគល់ឈើចំនួន៩០គល់ទៀតដែលទើបកាប់ថ្មីៗ តាមការផ្ទៀងផ្ទាត់ចំណុចនិយាមការទាំងអស់ គឺស្ថិតនៅក្នុងតំបន់ II នៃតំបន់រមណីដ្ឋានប្រាសាទព្រះវិហារ។

តាមការស៊ើបអង្កេតដោយផ្ទៀងផ្ទាត់ឯកសារនិងវត្ថុតាង កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនបុគ្គលដែលសង្ស័យប្រព្រឹត្តបទល្មើសព្រៃឈើជាបន្តបន្ទាប់រួមមាន៖

១-ជនសង្ស័យឈ្មោះ សាយ សុភាព ភេទប្រុស កើតឆ្នាំ១៩៦៥ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរប្រធានក្រុមហ៊ុនហុងសុភាព ទីកន្លែងកំណើតសង្កាត់ លេខ៣ ក្រុងភ្នំពេញ មានទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខក្រុម៤១ ភូមិព្រែក មហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

២-ជនសង្ស័យឈ្មោះ ប៊ុន ហុង ភេទស្រី កើតឆ្នាំ១៩៦៤ ជនជាតិខ្មែរ សញ្ជាតិ ខ្មែរ មុខរបរប្រធានក្រុមហ៊ុនហុងសុភាព ទីកន្លែងកំណើត ភូមិធរតារអ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខ ក្រុម៤១ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

៣-ជនសង្ស័យឈ្មោះ សាយ ស៊ីណា ភេទប្រុស កើតឆ្នាំ១៩៧១ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមេការក្រុមហ៊ុនហុងសុភាព ទីកន្លែងកំណើត ភូមិដូរដុំ ឃុំ លូទឹម ស្រុកជើងព្រៃ ខេត្តកំពង់ចាម មានទីលំនៅបច្ចុប្បន្នភូមិកាប់គោថ្មី ឃុំអូរ ចារ ស្រុកបាត់ដំបង ខេត្តបាត់ដំបង ។

៤-ជនសង្ស័យឈ្មោះ ខៃ ហ៊ឺ ភេទប្រុស កើតឆ្នាំ១៩៧១ ជនជាតិខ្មែរ សញ្ជាតិ ខ្មែរ មុខរបរមន្ត្រីយោធា អង្គភាពកងពលធំលេខ៣ ទីកន្លែងកំណើតភូមិស្ពានក្រង ឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកពង់ធំ មានទីលំនៅបច្ចុប្បន្ន ភូមិស្រអែម ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

កម្លាំងជំនាញបានចាប់យកឈើសរុបចំនួន ៥២៩,៤៧០ម៉ែត្រត្រីគុណនិងកូនឈើចម្រុះប្រភេទ(ទំហំអង្កត់ផ្ចិតគល់១៥-៣០សម)ចំនួន ៤២ដើម ក្នុងនោះមាន៖ ១/ឈើហ៊ុបមូលចំនួន ៤៤២កំណាត់ស្មើនឹង២៩៤,៩១៥ម៉ែត្រត្រីគុណ (ឈើលេខ១ចំនួន ៩១កំណាត់ស្មើនឹង៣៩ម៣៨៥៣, លេខ២ចំនួន៣២៨កំណាត់ស្មើនឹង២៤២ម៣៥៩៥ និងលេខ៣ចំនួន២៣កំណាត់ស្មើនឹង១២ម៣៥៩៥)។
២/ឈើអារប្រភេទលេខ២ចំនួន ២៣៥,៤៥៥ម៉ែត្រត្រីគុណ។
៣/កូនឈើចម្រុះប្រភេទ (ទំហំអង្កត់ផ្ចិតគល់១៥-៣០សម)ចំនួន ៤២ដើម និងចាប់យកមធ្យោបាយដឹកជញ្ជូន ម៉ាស៊ីនអារឈើ និងវត្ថុតាងមួយចំនួនទៀត។ រីឯជនសង្ស័យទាំង៤នាក់ខាងលើ ត្រូវបានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ចាត់ការតាមនីតិវិធី។

(អត្ថបទៈ ឧ.អេង ហ៊ី)