You are currently viewing ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់ ជាប់ពាក់ព័ន្ធជាមួយករណីសម្លាប់កូនបង្កើតខ្លួនឯង

ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់ ជាប់ពាក់ព័ន្ធជាមួយករណីសម្លាប់កូនបង្កើតខ្លួនឯង

ព្រះសីហនុៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ ធ្វើការឃាត់ខ្លួននៅវេលាម៉ោង២២ និង០០នាទីយប់ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុច ភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជាប់ពាក់ព័ន្ធជាមួយករណីមនុស្សឃាត់។

នេះបើយោងទៅតាមប្រភពពត៌មានពី លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះមានឈ្មោះ ជិវ រដ្ឋា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងទង រស់នៅ ភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ត្រី បានបន្តអោយដឹងទៀតថា នៅមុនពេលកើតហេតុ ជនសង្ស័យឈ្មោះ ជិវ រដ្ឋាន បានប្រើកាំបិតកាប់ទៅលើជនរងគ្រោះ ឈ្មោះជិវ លីហួរភេទស្រី អាយុ០៣ឆ្នាំ ដែលត្រូវជាកូនស្រីបង្កើតរបស់ខ្លួន បណ្តាលអោយស្លាប់នៅនឹងកន្លែង។
ក្រោយពីកាប់សម្លាប់កូនស្រីខ្លួនរួចហើយ ជនសង្ស័យបានរត់ចេញទៅតាមផ្លូវជាតិលេខ៤ ដោយដេញតាមកាប់ជនរងគ្រោះម្នាក់ទៀត ឈ្មោះ មាន ហួត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្សមាន ទីលំនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្តាលឲ្យរងរបួសត្រង់ប្រអប់ដៃស្តាំ ក្នុងខណៈជនរងគ្រោះកំពុងដើរតាមផ្លូវ។

លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់អោយដឹងទៀតថា បើតាមការបំភ្លឺ របស់ ឈ្មោះ ជិន សាមាឌី ភេទស្រី អាយុ២៥ឆ្នាំ មុខរបរមេផ្ទះ ដែលត្រូវជាប្រពន្ធ របស់ជនសង្ស័យបានអោយដឹងថា ជនសង្ស័យបានសេពគ្រឿងញៀន និងមានសភាពបែកថ្នាំ ហើយបានបំផ្លិចបំផ្លាញសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ទាញកាំបិតដេញកាប់ខ្លួនទៀត តែខ្លួនបានរត់គេច ហើយមកប្តឹងកម្លាំងកងរាជអាវុធហត្ថ ដោយទុកកូនស្រីនៅក្នុងផ្ទះ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ កំពុងកសាងសំណុំរឿង បញ្ជូនទៅបញ្ជាការដ្ឋានខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕


(អត្ថបទៈ ម៉ាន់ ដាវីត)