កណ្តាល៖ ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល បានធ្វើពិធីបិទវគ្គបំប៉នការងារជំនាញ ប្រចាំឆមាសទី១ ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីលោក មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធានមន្ទីរ មេបញ្ជាការ មេបញ្ជាការរង ក្រុង-ស្រុកទាំង ១១ គ្រូឧទ្ទេសនាម និងសិក្ខាកាមជាច្រើនរូបទៀត។ ក្នុងឱកាសនោះលោក មេបញ្ជាការ បានផ្តាំផ្ញើរដល់នាយទាហាន នាយទាហានរង និងសិក្ខាកាមទាំងអស់ ក្រោយពីបញ្ចប់វគ្គពេលត្រឡប់ទៅអង្គភាពវិញ ត្រូវយកចំណេះដឹងដែលបានមកពីការបំប៉នរៀនសូត្រនេះ ទៅអនុវត្តក្នុងការបំពេញតួនាទី ភារកិច្ចឲ្យចំទិសដៅ ពិសេសត្រូវគោរពបទបញ្ជាវិន័យមានគុណធម៌សាមគ្គីឯកភាពផ្ទៃក្នុង និងមានកិច្ចសហការល្អជាមួយគ្រប់ស្ថាប័នមានសមត្ថកិច្ច អាជ្ញាធរដែនដីពាក់ព័ន្ធ និងប្រជាពលរដ្ឋ ជៀសវៀងធ្វើអ្វីនាំឱ្យប៉ះពាល់ដល់កិត្តិយស កេរ្តិ៍ឈ្មោះ និងសេចក្ដីថ្លៃថ្នូររបស់កងរាជអាវុធហត្ថ។ ទាំងនេះជាអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលតែងតែក្រើនរំលឹកដាស់តឿន ដល់ថ្នាក់ក្រោមឲ្យអនុវត្តជាប្រចាំ និងត្រូវការពារដាច់ខាតរាជរដ្ឋាភិបាលស្របច្បាប់ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំទោះឋិតនៅក្នុងតម្លៃណាកដោយដើម្បីស្ថិរភាពសន្តិសុខសន្តិភាពនិងការអភិវឌ្ឍន៍ ដែលជាសេចក្តីត្រូវការចាំបាច់បំផុត របស់ប្រជាពលរដ្ឋគ្រប់ៗគ្នា។