You are currently viewing កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការ ចេញប្រតិបត្តិការសង្គ្រោះ

កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការ ចេញប្រតិបត្តិការសង្គ្រោះ

កំពង់ឆ្នាំងៈ សេចក្តីរាយការណ៍ឱ្យដឹងថា មានករណីពុលស្រាសមួយលើក កើតឡើងនៅចំណុចភូមិត្រពាំងអំពិល ឃុំក្តុលសែនជ័យថ្មី ខេត្តកំពង់ឆ្នាំង បណ្តាលអោយមនុស្សស្លាប់ចំនួនម្នាក់ និងរបួសជាច្រើននាក់។

ក្រៅពីនោះ ក៏មានអ្នករងគ្រោះក្នុងករណីសង្ស័យដូចគ្នានេះដែរ កំពុងបញ្ជូនបន្តបន្ទាប់ពីមណ្ឌលសុភាពក្តុល មកកាន់មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង គិតទាំងថ្ងៃទី០៧ ធ្នូ ផងដែរ បានកើនឡើងដល់៤៧នាក់ ក្នុងនោះម្នាក់មានសភាពធ្ងន់ធ្ងរ ដែលតាមគ្រូពេទ្យនៅមណ្ឌលថា ពិបាកសង្ឃឹម ចំណែក២នាក់ទៀតកំពុងស្ថិតនៅមណ្ឌលសុខភាព ដោយមិនព្រមមកមន្ទីរពេទ្យខេត្ត ។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី៨ ធ្នូ ដដែលនេះ សមត្ថកិច្ចនិងមន្ត្រីមន្ទីរសុខាភិបាលខេត្ត រួមនិងលោកព្រះរាជអាជ្ញារង បានចុះត្រួតពិនិត្យ និងដកហូតនៅស្រា.សជាច្រើនចេញពីប៊ីដុង ក្នុងក្រុងកំពង់ឆ្នាំង ដើម្បីយកទៅវិភាគ នៅមន្ទីរសុខាភិបាលខេត្ត ឬអាច នៅរាជធានីភ្នំពេញ ។
ចំណែកឯមូលដ្ឋានកន្លែងកើតហេតុវិញ សមត្ថកិច្ចចម្រុះក៏បានចុះត្រួតពិនិត្យតាមផ្ទះបិទស្រាដែរ ។ ក្នុងករណីនេះដែរ សមត្ថកិច្ចបានឃាត់ខ្លួនបុរសជាជនសង្ស័យម្នាក់ឈ្មោះថាន់ វី អាយុ៤៩ឆ្នាំ ជាបណ្តោះអាសន្ន ព្រោះគាត់ជាអ្នកផលិតស្រាលក់ នៅភូមិត្រពាំងអំពិល ឃុំក្តុលសែនជ័យថ្មី ។ ចំណែកប្រពន្ធឈ្មោះឈឿន អ៊ីង អាយុ៤៨ឆ្នាំ មិនត្រូវឃាត់ខ្លួននោះទេ ។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចមិនទាន់កំណត់ច្បាស់ថា អ្នកស្លាប់ទាំងនោះ ពិតជាពុលស្រាពិតប្រាកដ យ៉ាងណានោះទេ ព្រោះរង់ចាំទទួលលទ្ធផលវិភាគពីគ្រូពេទ្យជំនាញសិន តែអ្វីដែលជាការកត់សម្គាល់នៅមណ្ឌលសុខភាពក្តុល អ្នកជំងឺដែលកំពុងរង់ចាំដឹកមកសង្គ្រោះ មានអាការៈក្អួតចង្អោរ និងថប់ដង្ហើម ដែលបញ្ជាក់ថា ពិតជាករណីពុលពិតមែន ។

ក្នុងនោះផងដែរ គេសង្កេតឃើញថា មានកម្លាំងចម្រុះ រួមទាំងកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ក៏បានចេញប្រតិបត្តិការសង្គ្រោះ ដោយដឹកប្រជាពលរដ្ឋទាំងនោះ ទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ផងដែរ។