បន្ទាយមានជ័យ៖ ព្រឹកថ្ងៃអង្គារ ទី០៤ ខែកក្កដា ឆ្នាំ២០២៣ លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងសហការីអញ្ជើញប្រគល់ថវិកាផ្ទាល់ខ្លួនរបស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុហត្ថលើផ្ទៃប្រទេស ផ្តល់ជូនដល់គ្រួសារសព លោកវរសេនីយ៍ត្រី អ៊ុយ អឿង ជាយោធិននៃកងរាជអាវុធហត្ថសោធននិវត្តន៍ ចំនួន ៥លានរៀល រួមនឹងថវិកាផ្ទាល់ខ្លួនរបស់លោក ចំនួន ១លាន៥សែនរៀលផងដែរ សរុប ៦លាន៥សែនរៀល។
នាឱកាសនោះលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានចូលរួមសម្តែងនូវរមណៈទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារសព លោក វរសេនីយ៍ត្រី អ៊ុយ អឿង ដែលបានលាចាកឆ្ងាយពីក្រុមគ្រួសារគ្មានថ្ងៃវិលត្រលប់ទាំងក្តីអាឡោះអាល័យជាទីបំផុត។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បន្តថាលោកនាយឧត្តមសេនីយ៍ សៅ សុខា តែងតែគិតគូរពីសុខទុក្ខជីវភាពរបស់មន្ត្រីអាវុធហត្ថក្រោមឱវាទ ជាពិសេសបើទោះបីជាអាវុធហត្ថសោធននិវត្តន៍ទទួលមរណៈភាពកដោយ ក៏លោកនាយឧត្តមសេនីយ៍ នៅតែយកចិត្តទុកដាក់ជួយជាថវិកាផ្ទាល់ខ្លួនចូលរួមបុណ្យសពផងដែរ។