ស្វាយរៀង៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង ព្រឹកថ្ងៃសុក្រ ទី០៧ ខែកក្កដា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារការអនុវត្តតួនាទីភារកិច្ចនិងការងារកំណែទម្រង់កងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅឆមាសទី២ និងបំពាក់ឋានន្តរសក្តិ ប្រគល់ប័ណ្ណសរសើរ លិខិតសរសើរជូនដល់បុគ្គលនិងអង្គភាពដែលមានស្នាដៃ។
ថ្លែងក្នុងឱកាសនោះលោកឧត្តមសេនីយ៍មេបញ្ជាការ បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលស្តែងចេញពីការខិតខំប្រឹងប្រែងរបស់នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថខេត្តទាំងអស់ និងធ្វើការផ្តាំផ្ញើដល់យោធិននៃកងរាជអាវុធហត្ថ ដែលទើបទទួលបានការបំពាក់ឋានន្តរសក្តិត្រូវបន្តយកចិត្តទុកដាក់ពង្រឹងការងារ ការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត និងត្រូវចងចាំនូវទិសស្លោកដ៏មានតម្លៃរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា ជួយគិត ជួយធ្វើ រួមគ្នាទទួលខុសត្រូវ និង ប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្រ្កាប ។