You are currently viewing ឡោមព័ទ្ធផ្ទះចែកចាយគ្រឿងញៀន ចាប់បានថ្នាំញៀនចំនួន១៩កញ្ចប់ និងមុខសញ្ញាចែកចាយគ្រឿងញៀនចំនួន០៣នាក់

ឡោមព័ទ្ធផ្ទះចែកចាយគ្រឿងញៀន ចាប់បានថ្នាំញៀនចំនួន១៩កញ្ចប់ និងមុខសញ្ញាចែកចាយគ្រឿងញៀនចំនួន០៣នាក់

កំពង់ស្ពឺៈ នៅវេលាម៉ោង០៧ និង៣០នាទីព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន ស្ថិតនៅចំណុច ភូមិសំរោង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

នេះបើយោងតាមប្រភពពត៌មានពីភ្នាក់ងារ GRK News បានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺធ្វើទៅឡើងក្រោមការបញ្ជាផ្ទាល់របស់ លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដោយលោកឧត្តមសេនីយ៍ត្រី បានទទួលការសហការពីបងប្អូនប្រជាពលរដ្ឋថា នៅចំណុចកើតហេតុខាងលើ សង្ស័យជាកន្លែងដែលចែកចាយនូវសារធាតុញៀន ទើបលើកឧត្តមសេនីយ៍ត្រី បានដាក់បទបញ្ជាអោយកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះទៅធ្វើការស៊ើបអង្កេតកន្លែងកើតហេតុនោះភ្លាមៗ និងដោយមានការសហការ ពីព្រះរាជអាជ្្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ ទើបអាចឈានទៅដល់ការឃាត់ខ្លួនបានជនសង្ស័យខាងលើ។

ភ្នាក់ងារបានបន្តអោយដឹងទៀតថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
០១. គង់ ស្រីនី ភេទស្រី អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសំរោង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
០២. ម៉ៅ ថាន ភេទ ប្រុសអាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសំរិតឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
០៣. ស៊ីម ធារី ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសំរោង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ភ្នាក់ងារដដែល បានបន្តឱ្យដឹងថាទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបនោះផងដែរ កម្លាំងកងរាជអាវុធហត្ថបានធ្វើការចាប់យកវត្ថុតាង មួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន១៩កញ្ចប់
០២. ជញ្ជីងថ្លឹងថ្នាំ ចំនួន០១គ្រឿង
០៣. កន្ត្រៃយ ចំនួន០៣
០៤. ដែកកេះ ចំនួន១២
០៥. ទូរស័ព្ទ ចំនួន០៤គ្រឿង
០៦. ស្លាកលេខម៉ូតូ ចំនួន០២
០៧. ដបជក់ថ្នាំ ចំនួន០២
០៨. កាបូប ច្រកថ្នាំចំនួន០៣
០៩. លុយរៀល ចំនួន៦ម៉ឺនរៀល
១០. ថង់សំរាប់ច្រកថ្នាំចំនួន៥៥០ថង់។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕


(អត្ថបទ ម៉ាន់ ដាវីត)