You are currently viewing កងរាជអាវុធហត្ថ ខេត្តកណ្តាលបរិច្ចាគឈាម ដើម្បីអបអរសាទរខួបលើទី៣០ ទិវាកំណើតកងរាអាវុធហត្ថ

កងរាជអាវុធហត្ថ ខេត្តកណ្តាលបរិច្ចាគឈាម ដើម្បីអបអរសាទរខួបលើទី៣០ ទិវាកំណើតកងរាអាវុធហត្ថ

កណ្តាល៖ ព្រឹកថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តកណ្តាល បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងមន្ទីរពេទ្យបង្អែកជ័យជំនះខេត្តកណ្តាល បានរៀបចំពិធីផ្តល់ឈាម ជួយសង្គ្រោះជីវិតមនុស្សដែលត្រូវការឈាមចាំជាបាច់ និងបំពាក់មេដាយ ប្រគល់ប័ណ្ណសរសើរ របស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ជូនដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកណ្តាល ដើម្បីអបអរសាទរខួបលើទី៣០ ទិវាកំណើតកងរាអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤ កក្កដា ២០២៣)។ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល លោក វិជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឍមណ្ឌលជាតិផ្តល់ឈាម និងលោក វិជ្ជបណ្ឌិត គាង ហុង អនុប្រធានមន្ទីរពេទ្យបង្អែកជ័យជំនះខេត្តកណ្តាល។ ដោយមានការចូលរួមពីលោក លោកស្រី នាយទាហាន និងនាយរងទាហាននៃកងរាជអាវុធហត្ថខេត្តកណ្ដាល ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាគ្រួសារសាច់ញាត្តិ របស់កងរាជអាវុធហត្ថ ក្រុមគ្រូពេទ្យមជ្ឍមណ្ឌលជាតិផ្តល់ឈាម និងក្រុមគ្រូពេទ្យបង្អែកជ័យជំនះខេត្តកណ្តាល ជាច្រើនរូបទៀត។ ក្នុងពិធីនោះ លោក ឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានលើកឡើងថា៖ អនុវត្តតាមភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និងសង្គ្រោះ ដែលជាយន្តការដឹកនាំដ៏មានប្រសិទ្ធិភាព របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើឱ្យនាយទាហាននាយទាហានរងនៃកងរាជអាវុធហត្ថ ខេត្តកណ្តាលទាំងអស់ បានយកអស់ស្មារតីអនុវត្តតួនាទីភារកិច្ច និងមានការទទួលខុសត្រូវខ្ពស់ ជាពិសេសកម្លាំងកងរាជអាវុធហត្ថបានត្រៀមរួចជាស្រេច ដើម្បីជួយដល់ប្រជាពលរដ្ឋដែលកំពុងខ្វះឈាម ដែលរងគ្រោះដោយឧបទ្ទេវហេតុផ្សេងៗ។ លោកឧត្តមសេនីយ៍មេបញ្ជាការបានសង្កត់ធ្ងន់ថាកងរាជអាវុធហត្ថ ខេត្តកណ្តាល បានធ្វើជាគំរូល្អ និងមានស្នាដៃកិត្តិយសកេរ្តិ៍ឈ្មោះល្អ នេះដោយមានការដឹកនាំចង្អុលបង្ហាញពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ឱ្យកម្លាំងកងរាជអាវុធហត្ថគ្រប់រូបយកចិត្តទុកដាក់ឈរលើការគោរណ៍គោរពបទបញ្ជា ការគោរពវិន័យ សាមគ្គីឯកភាពផ្ទៃក្នុង គោរពតាមឋានានុក្រម ពិសេសមានឆន្ទៈក្នុងការការពារ និងបម្រើប្រជាពលរដ្ឋ។ ជាមួយនោះផងដែរ កងរាជអាវុធហត្ថ មានតួនាទីយ៉ាងសំខាន់សម្រាប់ជួយដល់សង្គមទាំងមូល ក្នុងការថែរក្សាការពារ ពង្រឹងសន្តិសុខ ស្ថិរភាពនយោបាយ និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ។ ហើយមកដល់បច្ចុប្បន្ននេះ កងរាជអាវុធហត្ថ ខេត្តកណ្តាល បានបង្កើតនូវសមិទ្ធផលនានាជាច្រើន សម្រាប់អង្គភាពជាពិសេសក្រៅពីការងារស្នូល កងរាជអាវុធហត្ថខេត្តកណ្តាល បានចូលរួមសហការនិងចុះជួយដល់ប្រជាពលរដ្ឋគ្រប់ពេលវេលា នៅពេលដែលប្រជាពលរដ្ឋមានតម្រូវការចាំបាច់។ សូមបញ្ជាក់ថាក្នុងពេលកំពុងធ្វើការផ្តល់ឈាមនេះផងដែរ លោក មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ មេបញ្ជាការ មេបញ្ជាការរង ក្រុង-ស្រុក ព្រមទាំងនាយទាហាននាយទាហានរងនៃកងរាជអាវុធហត្ថ ខេត្តកណ្តាលទាំងអស់ បានចូលរួមស្តាប់អនុសាសន៍សំខាន់ៗ របស់លោក ឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកណ្តាល បានផ្តល់កម្លាំងចិត្តដល់បងប្អូនដែលចូលរួមដោយផ្ទាល់ក្នុងការផ្តល់ឈាមសម្រាប់បម្រើឱ្យជនរួមជាតិដែលមានតំម្រូវការឈាមដើម្បីជួយសង្គ្រោះជីវិតមនុស្សនាពេលបច្ចុប្បន្ន និងទៅអនាគត។ ជាពិសេសលោក ឧត្តមសេនីយ៍ មេបញ្ជាការ បានចូលរួមផ្តល់ឈាមមុនគេ ដើម្បីធ្វើជាគំរូជូនដល់កងកម្លាំងចូលរួមទាំងអស់។ នាឱកាសនេះដែរលោក ឧត្តមសេនីយ៍ មេបញ្ជាការ បានថ្លែងនូវការកោតសរសើរ និងថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះ បេសកកម្មដ៏ថ្លៃថ្លា របស់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម និងមន្ទីរពេទ្យបង្អែកជ័យជំនះខេត្តកណ្តាល ក្នុងការមកចូលរួមសហការជាមួយកងកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល ផ្ដល់ឈាមដើម្បីសង្គ្រោះជីវិតមនុស្ស ដោយមិនគិតពីឋានៈ ពណ៌សម្បុរ ឬនិន្នាការ ជាពិសេសបានជួយសម្រួលដល់កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល និងក្រុមគ្រួសារ សាច់ញាតិ ពេលត្រូវការឈាមជាចាំបាច់។ ក្នុងនាម មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល សូមធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះទឹកចិត្តដ៏សប្បុរស របស់ នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តកណ្តាលទាំងអស់ ដែលបានចូលរួមបរិច្ចាគឈាម ជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្សដែលត្រូវការឈាមចាំជាបាច់ ក្នុងរយះពេលកន្លងមក។ ក្នុងវេលាដ៏មានសារៈសំខាន់នេះលោក ឧត្តមសេនីយ៍ មេបញ្ជាការ បានបញ្ជាក់បន្ថែមទៀតថា៖ ឈាមមានប្រភពពីមនុស្ស មិនមានរោងចក្រណាផលិតបានឡើយ ដូចនេះខ្ញុំសូមលើកទឹកចិត្តដល់កងកម្លាំងយើងទាំងអស់ បន្តរួមគ្នាបង្កើតវប្បធម៌ជួយគ្នា បរិច្ចាកឈាមដោយស្ម័គ្រចិត្តដែលជាសកម្មភាពមនុស្សធម៌ដ៏ប្រពៃ ក្នុងការជួយជនរងគ្រោះដែលត្រូវការឈាមចាំបាច់ដើម្បីសង្គ្រោះជីវិត។ ក្នុងពិធីនោះនាយទាហាន នាយទាហានរង និងគ្រួសារ សាច់ញាតិ របស់កងរាជអាវុធហត្ថខេត្តកណ្តាល បានចូលរួមបរិច្ចាគឈាម ជូនមជ្ឍមណ្ឌលជាតិឈាមចំនួន ១៤២នាក់ ស្មើនឹង ១៤២ ផ្លោក។