កណ្តាល៖ រសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្ណាល បានបើកកិច្ចប្រជុំត្រួតពិនិត្យ ពិភាក្សា ណែនាំ ឆ្លង និងផ្សព្វផ្សាយបទបញ្ជាលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ពាក់ព័ន្ធការងារការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ព្រមទាំងផែនការការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនឥស្សរជនជាន់ខ្ពស់ ជាតិ-អន្តរជាតិ ក្នុងពិធីផ្សេងៗ និងការងារចាំបាច់មួយចំនួនទៀតរបស់អង្គភាព នាពេលខាងមុខ។ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល និងមានការអញ្ជើញចូលរួមពីលោក លោកស្រី មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ មេបបញ្ជាការវរអន្តរាគមន៍ មេបញ្ជាការ ក្រុង/ស្រុកទាំងអស់ ព្រមទាំងនាយទាហាន នៃកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។