You are currently viewing មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការអប់រំនាយអាវុធហត្ថទូទាំងប្រទេស

មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការអប់រំនាយអាវុធហត្ថទូទាំងប្រទេស

ភ្នំពេញ៖ មួយថ្ងៃពេញទាំងព្រឹកទាំងល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញធ្វើការអប់រំចិត្តសាស្ត្រដល់នាយទាហាននៃកងរាជអាវុធហត្ថទូទាំងប្រទេស នៅសេនាធិការដ្ឋាននៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ក្នុងពិធីនោះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក មេបញ្ជាការរង ឯកឧត្តម ឧត្តមសេនីយ៍ នាយរងសេនាធិការដ្ឋាន ស្នងការ មេបញ្ជាការកងរាជអាវុធហត្ថរាជធានី ខេត្ត ព្រមទាំងនាយទាហាននៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស រាជធានី ខេត្តសរុបចំនួនប្រមាណជាង៧៤០នាក់ អញ្ជើញចូលរួមផងដែរ។ ពិធីនេះបានបែងចែកជាពីរវេន ខេត្តដែលនៅឆ្ងាយចូលរួមស្តាប់នៅពេលព្រឹក រីឯខេត្តនៅជិតរាជធានីភ្នំពេញចូលរួមស្តាប់នៅពេលរសៀលថ្ងៃដដែល។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានមានប្រសាសន៍រំលឹកអំពីសភាពការណ៍ទូទៅលើពិភពលោក ដំណើរវិវឌ្ឍ ប្រែប្រួលចាប់ពីសង្គ្រាមត្រជាក់មកដល់បច្ចុប្បន្ន ក្នុងនោះក៏បានបញ្ជាក់ច្បាស់អំពីរូបភាពបដិវត្តន៍ពណ៌ដែលត្រូវបានគេបញ្ឆេះធ្វើឡើងនៅប្រទេសជាច្រើនដូចជា ប្រទេសហ្សកហ្ស៊ី អ៊ុយក្រែន ទុយណេស៊ី លីប៊ី អេហ្ស៊ីប ស៊ីរី…។ ប្រទេសដែលបានប្រើបដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ សុទ្ធតែត្រូវធ្លាក់ទៅក្នុងភាពអន់ថយ អស្ថិរភាព និងមហន្តរាយយ៉ាងធ្ងន់ធ្ងរមកដល់បច្ចុប្បន្ន ប្រទេសខ្លះកំពុងកើតមានសង្គ្រាមបង្ហូរឈាមគ្នា ការបាក់បែកជាតិសាសន៍ សាសនា និងបង្កើតឱ្យមានភេរវកម្ម បណ្តាលឱ្យមនុស្សស្លាប់ជាច្រើន។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានជំរុញឱ្យនាយអាវុធហត្ថទាំងអស់ សិក្សាស្រាវជ្រាវរៀនសូត្រអំពីច្បាប់ជាតិនិងអន្តរជាតិភ្ជាប់ជាប្រចាំ ជាពិសេសត្រូវគោរពសិទ្ធិសេរីភាព ការពារអាយុជីវិតមនុស្ស ស្របតាមតួនាទី ភារកិច្ចរបស់ខ្លួន ព្រមជាមួយការគោរពវិន័យ និងប្រកាន់ខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈ ការសម្ងាត់កងទ័ព។
ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ បានកោតសរសើរនិងថ្លែងអំណរគុណចំពោះនាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថទាំងអស់ ដែលបានបំពេញកាតព្វកិច្ចក្នុងនាមជាប្រជាពលរដ្ឋដោយបានចះុឈ្មោះបោះឆ្នោតទាំងអស់គ្នា។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានមានប្រសាសន៍បន្តថា យើងត្រូវតែចូលរួមរក្សាការពារដំណើរការបោះឆ្នោតគ្រប់ដំណាក់កាល ដើម្បីឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ជាពិសេសកងកម្លាំងអាវុធហត្ថ ត្រូវតែគោរពច្បាប់បោះឆ្នោត ប្រកាន់ភ្ជាប់ក្រមសីលធម៏នៃដំណើរការបោះឆ្នោត។
លើសពីនោះទៀត ឯកឧត្តម នាយឧត្តមសេនីយ៍ បានលើកឡើងអំពីសមិទ្ធផលនិងស្នាដៃដែលកងរាជអាវុធហត្តសម្រេចបានរយៈពេល២៣ឆ្នាំកន្លងទៅ ក្នុងការរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បង្ក្រាបបណ្តាបទល្មើសនានា ពង្រឹងការអនុវត្តច្បាប់ និងជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ។ ជាមួយគ្នានេះ ការលេចធ្លោរបស់កងរាជអាវុធហត្ថ គឺការកសាងកម្លាំង ការកសាងហេដ្ឋារចនាសម្ពន្ធ សាងសង់ជំរំ ជម្រក កន្លែងធ្វើការ ការងារអប់រំចិត្តសាស្ត្រ ហ្វឹកហ្វឺនរៀនសូត្រ ការបំពាក់មធ្យោបាយសម្ភារៈ និងអនុវត្តគោលនយោបាយសរសើរ លើកទឹកចិត្ត ពលី មរណៈ របួសឈឺធ្ងន់ ជួបការលំបាកជាដើម។ លើសពីនេះ ការលេចធ្លោមួយទៀត គឺថ្លុងមហាសាមគ្គី ឯកភាពផ្ទៃក្នុងមហាគ្រួសារ ជាពិសេសការគោរពវិន័យ ក្រមសីលធម៌។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានសង្កត់ធ្ងន់ថា ទន្ទឹមនឹងការសម្រេចបានជោគជ័យនូវសមិទ្ធផលនិងស្នាដៃខាងលើ កងរាជអាវុធហត្ថនៅតែមានបញ្ហាប្រឈម ការខ្វះចន្លោះដែលជាទង្វើរបស់អាវុធហត្តមួយចំនួន ហើយបានអនុវត្តវិធានការទណ្ឌកម្មវិន័យនិងអនុវត្តច្បាប់ បានលុបឈ្មោះនាយអាវុធហត្ថចេញពីក្របខណ្ឌកងរាជអាវុធហត្ថចំនួនប្រមាណ១៥៥នាក់។ បញ្ហាប្រឈមមានជាអាទិ៍ ១-បញ្ហាគ្រឿងញៀន។ ២-ការគ្រប់គ្រងនិងការប្រើប្រាស់អាវុធ ត្រូវមានវិធានការតឹងរឹងចំពោះបុគ្គលិកអាវុធហត្ថដែលប្រើប្រាស់អាវុធ រក្សាទុកដាក់អាវុធឱ្យហ្មត់ចត់។ ៣-ការរុករានដី ដុត ឈូសឆាយដីព្រៃ ហាមដាច់ខាតបើមានត្រូវអនុវត្តច្បាប់។ ៤-ការបំផ្លិចបំផ្លាញធនធានធម្មជាតិ ត្រូវអនុវត្តតាមច្បាប់។ ៥-ពាក់ព័ន្ធនឹងល្បែងស៊ីសង់។ ៦-អំពើជួយដូរមនុស្ស។ ៧-បទល្មើសព្រហ្មទណ្ឌ។ ៨-ការលេងបណ្តាញព័ត៎មានសង្គម ដោយមិនគោរពការសម្ងាត់វិជ្ជាជីវៈ។
ជាចុងក្រោយ ឯកឧត្តម នាយឧត្តមសេនីយ៍ បានដាក់ចេញនូវកិច្ចការងារចំពោះមុខដែលត្រូវអនុវត្តដូចខាងក្រោម៖
១-ការប្រមូលព័ត៌មានសន្តិសុខ ចារកម្ម ដោយមានការផ្ទៀងផ្ទាត់ព័ត៌មាន និងរៀបចំបញ្ជីមុខសញ្ញា។
២-ការងារប្រតិបត្តិការ រក្សាការពារសន្តិសុខ សណ្នាប់ធ្នាប់សាធារណៈ ស្រាវជ្រាវបង្ក្រាបបទល្មើសនានា ពង្រឹងការអនុវត្តច្បាប់ និងជួយសង្គ្រោះប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។
៣-ធ្វើការបំប៉ន បណ្តុះបណ្តាល អប់រំហ្វឹកហ្វឺនដល់អាវុធហត្ថគ្រប់រូបឱ្យចេះស្ទាត់ ឱ្យចាំ ក្តាប់ភ្ជាប់តួនាទី ភារកិច្ចរបស់ខ្លួន។
៤-បន្តថែទាំ ជួសជុល សាងសង់ជំរំ ជម្រក។
៥-បន្តបំពាក់មធ្យោបាយសម្ភារៈ និងថែទាំឱ្យបានល្អ។
៦-យកចិត្តទុកដាក់ ការហូបចុក ការស្លៀកពាក់ ការស្នាក់នៅ និងព្យាបាលជំងឺ ព្រមទាំងបំផុសការដាំដុះ ចិញ្ចឹមសត្វជាដើម។
៧-ពង្រឹងការងារដឹកនាំបញ្ជា មានកិច្ចប្រជុំ របៀបរបបការងារ អនុវត្តតាមបទបញ្ជាផ្ទៃក្នុងកងរាជអាវុធហត្ថ។
៨-រក្សាសាមគ្គី ឯកភាពផ្ទៃក្នុង ជាមហាគ្រួសារកងរាជអាវុធហត្ថ ដែលមានជំនឿ ទំនុកចិត្តពីគ្រប់មជ្ឈដ្ឋាន។



(អត្ថបទៈ ឧ.អេង ហ៊ី)