កណ្តាលៈ ឯកឧត្តម ឧត្តមសេនីយ៏ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល ចំនួន១៨០នាក់ និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាល ចំនួន៦០នាក់ ព្រមទាំងយុវជនមកពីប្រទេសសាំងការពួរចំនួន២២នាក់ បានចុះជួយច្រូតស្រូវប្រជាពលរដ្ឋដែលខ្វះខាត កម្លាំងពលកម្មចំនួន០៥គ្រួសារ លើផ្ទៃដីចំនួន០៣ហិចតា៧អា ស្ថិតនៅ ភូមិជំបក់ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
នៅក្នុងឱកាសនោះដែរ!លោកវរសេនីយ៍ឯក សៅ សុគន្ធា មេបញ្ជាការរង និងនាយសេនាធិការ កងរាជអាវុធហត្ថខេត្តកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៏ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានមានប្រសាសន៍ថា៖ ក្រោមការដឹកនាំបញ្ ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៏ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងនោះ នាយ នាយរង និងពលទាហាន នៃកងរាជអាវុធហត្ថ បានយកអស់ស្មារតីអនុវត្តតួនាទីភារកិច្ច និងមានការទទួលខុសត្រូវខ្ពស់ ជាពិសេសក្នុងរដូវវស្សានេះ កម្លាំងកងរាជអាវុធហត្ថ បានត្រៀមជាប្រចាំដើម្បីចុះទៅជួយដល់ប្រជាពលរដ្ឋដែលកំពុងខ្វះខាតកម្លាំង ក្នុងការច្រូតស្រូវ និងគ្រោះមហន្តរាយជាយថាហេតុ។
លោកវរសេនីយ៍ឯកបានបញ្ជាក់ឱ្យដឹងទៀតថា៖ កងរាជអាវុធហត្ថ បានធ្វើជាគំរូល្អ និងស្នាដៃល្អដោយឈរលើការគោរពបទបញ្ជា ការគោរពវិន័យសាមគ្គីឯកភាពផ្ទៃក្នុង គោរពតាមឋានានុក្រម។
ជាមួយនោះផងដែរ កងរាជអាវុធហត្ថ ក៏មានតួនាទីយ៉ាងសំខាន់សម្រាប់ជួយដល់សង្គមទាំងមូល ក្នុងការថែរក្សាការពារ ពង្រឹងសន្តិសុខ ស្ថិរភាពនយោបាយ និងរក្សាសណ្តាប់ធ្នាប់សាធារណៈ ហើយមកដល់បច្ចុប្បន្ននេះ កងរាជអាវុធហត្ថ បានបង្កើតនូវសមទ្ធផលជាច្រើន សម្រាប់អង្គភាពជាពិសេសក្រៅពីការងារស្នូលកងរាជអាវុធហត្ថបានចូលរួមសហការនិងចុះជួយដល់ប្រជាពលរដ្ឋគ្រប់ពេលវេលានៅពេលដែលប្រជាពលរដ្ឋមានតម្រូវការ។
ជាចុងក្រោយ តំណាងអោយប្រជាពលរដ្ឋ០៥គ្រួសារ បានថ្លែងអំណរគុណដល់មេបញ្ជាការ មេបញ្ជាការរង នាយ នាយរង កងរាជអាវុធហត្ថខេត្តកណ្តាល និងកម្លាំងមូលដ្ឋានកងរាអាវុធហត្ថស្រុងកណ្តាលស្ទឹងដែលចុះជួយច្រូតស្រូវបានរួចរាល់ទាន់ពេលវេលា៕
( អត្ថបទៈ ខៀវដារ៉ា )