នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចប្រចាំខែកក្កដា និងទិសដៅផែនការសកម្មភាពការងារកងរាជអាវុធហត្ថខេត្តរតនគិរី ខែសីហា ឆ្នាំ២០២៣ និងប្រគល់ជូនប័ណ្ណសរសើរ លិខិតសរសើរ របស់អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ជូនដល់អង្គភាព និងបុគ្គលដែលមានស្នាដៃឆ្នើមក្នុងការងារប្រឡងប្រណាំង ឆ្នាំ២០២២។ ក្នុងនោះដែរ លោកឧត្តមសេនីយ៍ មេបញ្ជាការ បានលើកឡើងក្នុងអង្គប្រជុំថា: ការទទួលបានប័ណ្ណសរសើរ និងលិខិតសរសើរ នាពេលនេះគឺស្ដែងចេញពីការយកចិត្តទុកដាក់ពីសំណាក់មេបញ្ជាការអង្គភាពផ្ទាល់ ក៏ដូចជាការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកតែងតែគិតគូរ និងធ្វើការលើកសរសើរនូវបុគ្គល និងអង្គភាពដែលបានអនុវត្តតួនាទីភារកិច្ចឆ្នើមជូនជាតិមាតុភូមិ និងខិតខំប្រឹងប្រែងធ្វើការងារ ជូនអង្គភាពកងរាជអាវុធហត្ថខេត្តដែលខ្លួនកំពុងបំពេញការងារផងដែរ ស្របទៅនឹងពាក្យស្លោកមានស្នាដៃត្រូវមានការលើកសរសើរ មានកំហុសត្រូវទទួលការស្ដីបន្ទោស និងទណ្ឌកម្ម បន្ទាប់មកលោកឧត្តមសេនីយ៍ មេបញ្ជាការ ក៏បានលើកអំពីការអនុវត្តតួនាទីភារកិច្ចក្នុងអង្គភាព ដោយបានដាក់បទបញ្ជាចាប់ពីមេបញ្ជាការរងរហូតដល់ពលអាវុធហត្ថ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រការប្រើប្រាស់កុំព្យូទ័រ ប្រព័ន្ធបច្ចេកវិទ្យាទំនើបឲ្យបានចេះគ្រប់គ្នា ដើម្បីអភិវឌ្ឍន៍សមត្ថភាពការងារឲ្យទាន់សម័យកាល។