You are currently viewing ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធជាមួយករណីបង្ករអោយប៉ះពាល់ សណ្ដាប់ធ្នាប់សាធារណៈ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធជាមួយករណីបង្ករអោយប៉ះពាល់ សណ្ដាប់ធ្នាប់សាធារណៈ

ឧត្តរមានជ័យៈ ជនសង្ស័យម្នាក់ ត្រូវបាន កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ ធ្វើការឃាត់ខ្លួន ជាប់ពាក់ព័ន្ធជាមួយ ករណីបង្ករអោយប៉ះពាល់ សណ្ដាប់ធ្នាប់សាធារណៈ។

នេះបើយោងទៅតាមប្រភពពត៌មានពីមន្ត្រីកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះផងដែរ គឺធ្វើឡើងនៅវេលាម៉ោង១២ និង៤៥នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិសំបូរ ឃំុបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

មន្ត្រីដដែលបានបន្តឱ្យដឹងទៀតថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះមានឈ្មោះ ឃាង លី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិសំបូរ ឃំុ បាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

មន្ត្រីដដែល បានបន្តអោយដឹងទៀតថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺធ្វើឡើងដោយមានការផ្តល់ដំណឹងពីប្រជាពលរដ្ឋនៅចំណុចកើតហេតុខាងលើ មកកាន់មូលដ្ឋាន កងរាជអាវុធហត្ថថា មានបុរសម្នាក់ រស់នៅចំណុចកើតហេតុខាងលើ បានផឹកស្រា រួចស្រវឹង ហើយបានដើររករឿងគេឯងនៅចំណុចកើតហេតុខាងលើ។
បន្ទាប់ពីទទួលបានដំណឹង កម្លាំងកងរាជអាវុធហត្ថ ក៏បានចុះទៅធ្វើការឃាត់ខ្លួនបុរសនោះភ្លាមៗ។

ជនសង្ស័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ បានធ្វើការអប់រំណែនាំ ហើយអោយធ្វើកិច្ចសន្យា រួចអោយត្រលប់ទៅលំនៅដ្ឋានវិញ៕

(អត្ថបទ ម៉ាន់ ដាវីត)