You are currently viewing ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធជាមួយករណីលួចបន្លំប្រាក់ចំនួន៥០០០$ (ប្រាំពាន់ដុល្លា)

ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធជាមួយករណីលួចបន្លំប្រាក់ចំនួន៥០០០$ (ប្រាំពាន់ដុល្លា)

បាត់ដំបងៈ នៅវេលាម៉ោង២៣ និង៣០នាទីយប់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង សហការជាមួយ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ស្ថិតនៅចំណុចផ្ទះសំណាក់ឡុងសេងលី ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាប់ពាក់ព័ន្ធជាមួយករណីរំលោភលើទំនុកចិត្ត។

នេះបើយោងទៅតាមប្រភពពត៌មានពី លោក ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណះ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានថ្លែងប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថ បានធ្វើការឃាត់ខ្លួននោះមានឈ្មោះ សុខ សីុមិនភេទប្រុស អាយុ៣១ឆ្នាំ មុខរបរអ្នកគិតលុយ និងជាអ្នកកាន់ប្រាក់របស់ក្លឹបឌីស្កូស្កាយ។

លោកឧត្តមសេនីយ៍ បានបន្តអោយដឹងទៀតថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺធ្វើឡើងទៅតាមពាក្យបណ្តឹងរបស់ម្ចាស់ក្លឹបឌីស្កូស្កាយ ដែលមានឈ្មោះ ជា វណ្ណា ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិប៉ប្រក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលបានចោទប្រកាន់ទៅលើជនសង្ស័យថា បានលួចបន្លំយកប្រាក់របស់ក្លឹបឌីស្កូស្កាយ ចំនួន៥០០០ដុល្លា កាលពីវេលាម៉ោង០៥ និង០០នាទីព្រឹក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចក្លឹបឌីស្កូស្កាយ ស្ថិតនៅភូមិរំចេក៤ សង្កាត់រតនះ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងរួចមក កម្លាំងកងរាជអាវុធហត្ថ បានធ្វើការតាមដាន ស្រាវជ្រាវ និងទទួលបានដំណឹងថា ជនសង្ស័យខាងលើកំពុងស្នាក់នៅចំណុចផ្ទះសំណាក់ឡុងសេងលី ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទើបកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បានសុំការសហការ ពីកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ រហូតអាចឈានទៅដល់ការចាប់ខ្លួនបានជនសង្ស័យនៅថ្ងៃដដែល។

លោកឧត្តមសេនីយ៍ បានបញ្ជាក់អោយដឹងទៀតថា ក្នុងពេលឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងកងរាជអាវុធហត្ថ ក៏បានចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
០១. ប្រាក់បាតចំនួន ៥ពាន់បាត
០២. ប្រាក់ខ្មែរចំនួន ៦៣ម៉ឺនរៀល
០៣. ប្រាក់ដុលា្ល ចំនួន២០ដុលា្ល។

នៅមុខមន្ត្រីកងរាជអាវុធហត្ថ ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបាន យកលុយទាំងនោះពិតប្រាកដមែន ហើយបានយកលុយទាំងនោះទៅលេងល្បែង រហូតចាញ់ស្ទើរតែទាំងអស់។

ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿង ចាត់ការបន្ត តាមនីតិវិធី៕


(អត្ថបទៈ ម៉ាន់ ដាវីត)