កំពត៖ នៅវេលាម៉ោង ១០និង៣៥នាទី ថ្ងៃទី២១ខែ សីហាឆ្នាំ២០២៣ ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត និងសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត។
កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន និង អង្គភាពនគរបាលយុត្តិធម៌នៃមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពត ដឹកនាំដោយលោកវរសេនីយ៍ឯក សេង វិច្ឆិកា មេបញ្ជាការរង ទទួលជំនាញគ្រឿងញៀន បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិត្រពាំងមន្រ្តី ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់
ឈ្មោះ មាន ហ៊ាល ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងមន្រ្តី ឃុំសំរោងក្រោម ស្រុកបន្ទាយមាសខេត្តកំពត។
លុះនៅវេលាម៉ោង១៦ និង ៤៥នាទី ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ កម្លាំងបានបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ទូច អឿន ភេទប្រុសអាយុ៣២ឆ្នាំមុខរបរមិនពិតប្រាកដរស់នៅភូមិស្រែព្រៃ ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត។ និងបានចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវសមត្ថកិច្ចជំនាញចាត់ការតាមនីតិវិធី។