ភ្នំពេញ៖ នារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការចូលរួមពី លោកមេបញ្ជាការរង នាយ-នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ លោកមេបញ្ជាការ-មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ និងលោកមេបញ្ជាការ-មេបញ្ជាការរង វរសេនាតូច ព្រមទាំងសមាជិកអាវុធហត្ថជាច្រើនរូបទៀត។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ណែនាំ និងបានផ្តាំផ្ញើដល់ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ថា ក្នុងរយៈកាលកន្លងមកបងប្អូនបានបំពេញតួនាទី ភារកិច្ច បង្កា បង្ក្រាប សង្គ្រោះ គោរពច្បាប់ គោរពសិទ្ធិមនុស្ស ប្រកាន់ភ្ជាប់នូវវិន័យសណ្តាប់ធ្នាប់ ចូលរួមក្នុងកិច្ចការពារ សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ សុវត្ថិភាពថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ភ្ញៀវទេសចរណ៍បរទេស និងជាពិសេសបានរួមចំណែកបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានយ៉ាងល្អប្រសើរ។