បាត់ដំបងៈ ជនសង្ស័យម្នាក់ ត្រូវបាន កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបង ធ្វើការឃាត់ខ្លួន សង្ស័យជាប់ពាក់ព័ន្ធជាមួយ ករណីរំលោភលើទំនុកចិត្ត។
នេះបើយោងទៅតាមប្រភពពត៌មានពីមន្ត្រីកងរាជអាវុធហត្ថខេត្តបាត់ដំបង បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះផងដែរ គឺធ្វើឡើងនៅវេលាម៉ោង១៧ និង០០នាទី ល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិវត្តគ សង្កាត់វត្តគ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
មន្ត្រីដដែលបានបន្តឱ្យដឹងទៀតថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះមានឈ្មោះ តាក់ ធានី ភេទប្រុស អាយុ៣២ ឆ្នាំ មុខរបរបើកបរ រស់នៅភូមិអំពិលព្រៃបី ឃុំអំពិលព្រៃបី ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
មន្ត្រីដដែល បានបន្តអោយដឹងទៀតថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺធ្វើឡើងទៅតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ចិត្ត សុីនួន ភេទស្រី អាយុ៤០ ឆ្នាំ រស់នៅភូមិស្ទឹងត្រង់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលបានចោទប្រកាន់ទៅលើជនសង្ស័យថាបាន លួចលក់ប្រេងរបស់ខ្លួន នៅតាមដងផ្លូវជាច្រើនដងមកហើយ។
ជនសង្ស័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ កំពុងសាកសួរ និងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវីធី។
(អត្ថបទ ម៉ាន់ ដាវីត)