ព្រះសីហនុ: នៅវេលាម៉ោង១៤ និង០០នាទី រសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដេញឃាត់រថយន្តមួយគ្រឿង ដែលជាប់សង្ស័យថា ពាក់ព័ន្ធនឹងគ្រឿងញៀន។
លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអោយដឹងថា ការដេញឃាត់រថយន្តខាងលើនេះ គឺដេញតាមតាំងពីចំណុចមុខមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ រហូតដល់ភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទើបរថយន្តនោះឈប់ ប៉ុន្តែមនុស្សនៅលើរថយន្ត បានរត់គេចខ្លួនអស់។
លោកឧត្តមសេនិយ៍ត្រី បានឲ្យ ដឹងថា រថយន្តនេះ ជារថយន្តដឹកទំនិញវែង (ប្រភេទកុងតឺន័រ) ពណ៌ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ ៣A ២៦៦២ សណ្តោងរ៉ឺម៉ក ពណ៌លឿង ពាកស្លាក់លេខ ព្រះសីហនុ ៤A ០៥០០ ហើយនៅលើរថយន្តនេះ សមត្ថកិច្ចបានរកឃើញវត្ថុតាង មួយចំនួនរួមមានៈ
០១. ដាវចំនួន០១ដើម
០២. ដបជក់គ្រឿងញៀនមួយ
០៣. ចម្ពាមកៅស៊ូមួយ
០៤. ដែកកេះ ចំនួន៣ និងសម្ភារៈជក់ ព្រមទាំងឯកសារថយន្ត មួយចំនួនទៀត។
ករណីនេះ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ កំពុងស្រាវជ្រាវបន្ត រកជនសង្ស័យ ដើម្បីយកមកផ្តន្ទាទោស តាមនីតិវិធីច្បាប់។
លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ថា ប្រតិបត្តិការនេះ ធ្វើឡើងក្រោយមានសេចក្តីរាយការណ៍ថា អ្នកបើកបររថយន្តកុងតឺន័រ មួយចំនួនតូច (មិនទាំងអស់ទេ) គេសង្ស័យថា អាចមានអ្នកប្រើប្រាស់គ្រឿងញៀន ដែលជាកត្តាបង្ក ឲ្យមានគ្រោះថ្នាក់ចរាចរណ៍ កន្លងមកផងដែរ ៕
(អត្ថបទៈ ម៉ាន់ ដាវីត)