កំពង់ឆ្នាំង៖ ដោយបានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង១៥:៣០នាទី ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោកវរសេនីយ៍ត្រី ឃុន គ្រីម មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសាមគ្គីមានជ័យ បានចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ:២០/២៣ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ចេញដោយ លោក ភី ដារ៉ូ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តកំពង់ឆ្នាំង នៅចំណុចផ្ទះឈ្មោះវ៉ុន រ៉េម ស្ថិតក្នុងភូមិច្រកកន្តួត ឃុំពាម ស្រុកសមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដោយបានឃាត់ខ្លួនត្រូវចោទចំនួន០១នាក់ ឈ្មោះ សំ វ៉ិត ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិច្រកកន្តួត ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
បច្ចុប្បន្នជនត្រូវចោទខាងលើ ត្រូវបានកម្លាំងការិយាល័យជំនាញ កងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការតាមនីតិវិធី។