You are currently viewing ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន

ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន

ព្រះសីហនុៈ នៅវេលាម៉ោង ០៧ និង៣០ ព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ស្ថិតនៅចំណុចក្រុម៣១ ភូមិ០៣ សង្កាត់០១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ សង្ស័យជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។

នេះបើតាមការឱ្យដឹងពីមន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអោយដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
០១. រិន រ៉ូ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរតៃកុងឡាន ទីលំនៅបច្ចុប្បន្ន ក្រុម១០ ភូមិ០១ សង្កាត់០១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
០២. ម៉ា អៀង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ទីលំនៅបច្ចុប្បន្ន ក្រុម០១ ភូមិ០៣ សង្កាត់០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

មន្ត្រីដដែល បានបន្តឱ្យដឹងទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបនេះផងដែរ គឺធ្វើឡើងតាមដីការបង្គាប់ លេខ៨៨ តពរ/២០១៦ ចុះថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ ចេញដោយ លោក ជា សុខហៀង ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះសីហនុ បង្គាប់អោយចាប់ខ្លួនឈ្មោះ សៅ ឈុច ដែលជាប់ចោទពីបទរក្សាទុក និងចែកចាយនូវសារធាតុញៀន។ លុះពេលកម្លាំងកងរាជអាវុធហត្ថចុះអនុវត្តន៍ដីការ ស្រាប់តែជនសង្ស័យឈ្មោះ សៅ ឈុច បានដឹងខ្លួនមុន ក៏បានរត់គេចខ្លួនបាត់ទៅ។ ប៉ុន្តែកម្លាំងកងរាជអាវុធហត្ថ ក៏បានប្រទះឃើញជនសង្ស័យទាំង០២នាក់ខាងលើនោះ នៅចំណុចកើតហេតុ ក៏បាននាំខ្លួនមកសាកសួរនៅទីបញ្ជាការ និងបានធ្វើតេសទឹកនោមរកសារធាតុញៀនផងដែរ។ បន្ទាប់ពីធ្វើតេសទឹកនោមរួចមក លទ្ធផលបានបញ្ជាក់ថា ពួកគេទាំង០២នាក់នោះ មានពាក់ព័ន្ធជាមួយសារធាតុញៀន។

មន្ត្រីដដែល បានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបនោះផងដែរ កម្លាំងកងរាជអាវុធហត្ថបានធ្វើការចាប់យកវត្ថុតាង មួយចំនួនពីជនសង្ស័យរួមមានៈ
០១. កាបូបស្ពាយពណ៌សូកូឡាចំនួន០១
០២. កូនសៀវភៅកត់ត្រា ចំនួន០១
០៣. កូនកាបូបដៃ ចំនួន០១
០៤. អំបិល០១កញ្ចប់តូច
០៥. ដែកកេះ ចំនួន២
០៦. ថ្មទូរស័ព្ទ ចំនួន២
០៧. ទឹកអប់ ចំនួន០១
០៨. ទូរស័ព្ទដៃ ចំនួន០៥គ្រឿង។

ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕ ចំណែកជនសង្ស័យដែលជាបក្ខពួក ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ កំពុងស្វែងរក ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។


(អត្ថបទៈ ម៉ាន់ ដាវីត)