You are currently viewing ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន

ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន

តាកែវៈ នៅវេលាម៉ោង ១០ និង៣០ ព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកោះអណ្តែត បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ស្ថិតនៅចំណុចភូមិព្រៃមេលង ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ សង្ស័យជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។

នេះបើតាមការឱ្យដឹងពីមន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវ បានអោយដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
០១. ចាន់ សារិទ្ធ ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិព្រៃមេលង ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ
០២. ឈន សារិទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិព្រៃមេលង ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ
០៣. សំ វណ្ណពិសាល ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិព្រៃមេលង ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ

មន្ត្រីដដែល បានបន្តឱ្យដឹងទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបនេះផងដែរ គឺធ្វើឡើងទៅបានដោយមានការតាមដានយ៉ាងយកចិត្តទុកដាក់ជាច្រើនថ្ងៃមកហើយ នូវសកម្មភាពរបស់ជនសង្ស័យទាំងនោះ ទើបកម្លាំងកងរាជអាវុធហត្ថ បានសុំការសហការពី លោក ផាន់ សុភ័ក្ត្រ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តតាកែវ ចុះឆែកឆេរលំនៅដ្ឋាននោះ
ក៏បានធ្វើការចាប់យកវត្ថុតាង មួយចំនួនពីជនសង្ស័យទាំងនោះរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ០៣កញ្ចប់ ដែលមានទំងន់ស្មើ ៣០.៦៤ក្រាម
០២. ម៉ូតូ ចំនួន០២គ្រឿង
០៣. ទូរសព្ទ័ដៃ ចំនួន០៤គ្រឿង
០៤. ជញ្ជីង ចំនួន០១គ្រឿង
០៥. លុយដុល្លា២០ដុល្លា, លុយខ្មែរ ៣០០០០រៀល, លុយដុង៥០០០០ដុង, លុយបាត១៩០បាត
០៦. ដាវ០១ដើម និងសម្ភារៈវេចខ្ចប់មួយចំនួនទៀត។

ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕


(អត្ថបទៈ ម៉ាន់ ដាវីត)