You are currently viewing កម្លាំងកងរាជអាវុធហត្ថត្រៀមអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិ!

កម្លាំងកងរាជអាវុធហត្ថត្រៀមអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិ!

ដោយអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កងរាជអាវុធហត្ថបានត្រៀមមធ្យោបាយ សម្ភារៈ និងកម្លាំងរួចជាស្រេចដើម្បីចូលរួមចំណែកសហការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិ។

កងរាជអាវុធហត្ថស្ថិតនៅក្រោមបញ្ជាផ្ទាល់របស់នាយករដ្ឋមន្ត្រី។ កងរាជអាវុធហត្ថគឺជាផ្នែកមួយរបស់កងយោធពលខេមរភូមិន្ទដែលមានស្វ័យភាពក្នុងកិច្ចអនុវត្តច្បាប់។ ជាការពិតណាស់បេសកកម្មសង្គ្រោះជាបេសកកម្មមួយក្នុងចំណោមបេសកកម្មជាច្រើនដែលកងរាជអាវុធហត្ថត្រូវប្រតិបត្តិស្របតាមអនុក្រឹត្យលេខ ៧៧ អនក្រ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៩៤ ស្ដីពីភារកិច្ច និងរចនាសម្ព័ន្ធទូទៅនៃកងរាជអាវុធហត្ថ។

ជាក់ស្ដែងដោយអនុវត្តបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃអង្គារ ទី០៣ ខែតុលា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ស្ថិតក្នុងភូមិសាស្ត្រភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះត្រួតពិនិត្យមធ្យោបាយ សម្ភារៈ និង កម្លាំងកងរាជអាវុធហត្ថត្រៀមអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិ។