ភ្នំពេញ៖ ដោយបានការអនុញ្ញាពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេរមភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅញ្ជាការដ្ឋានកងរាជអាវុធហត្ថផ្ទៃប្រទេស ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ និងជា អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបំប៉នបច្ចេកទេសថតរូប និង សរសេរអត្ថបទសារព័ត៌មាន ដោយមានការចូលរួមពីស្នងការរង នាយ-នាយរងការិយាល័យ ប្រធាន-អនុប្រធានអង្គភាព នាយផ្នែក នាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធ ព្រមទាំងមានភ្ជាប់តាមប្រព័ន្ធ Video Conference ទៅជំនាញគ្រប់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី-ខេត្ត និង សាលាទាំងពីរផងដែរ។
លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី បានលើកឡើងថា៖ ថ្ងៃនេះខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានមកចូលរួមជាអធិបតី ក្នុងពិធីបើកវគ្គបំប៉នបច្ចេកទេសថត និង សរសេរអត្ថបទព័ត៌មាន តាមការអនុញ្ញាត និង យល់ព្រមពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រធានផែនកសាងកម្លាំង និង ទំនាក់ទំនងកិច្ចការសាធារណៈ។
ខ្ញុំសូមអបអរសាទរនិងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះនាយទាហាននៃកងរាជអាវុធហត្ថតាមបណ្តាស្ថាប័ន អង្គភាព ដែលត្រូវបានជ្រើសរើសឱ្យមកចូលសិក្សាវគ្គបំប៉ននេះ ហើយការបំប៉នបច្ចេកទេសថតរូប និង សរសេរអត្ថបទព័ត៌មាន មិនមែនជាលើកដំបូងសម្រាប់កងរាជអាវុធហត្ថយើងទេ យើងបានអនុវត្តជាប្រចាំតាមផែនការប្រចាំឆ្នាំ និង តាមការដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថ បានដាក់ចេញនូវទិសដៅផែនការ ក៏ដូចជាយុទ្ធសាស្ត្រ កម្មវិធីការងារ អាទិភាពការងារផ្តោតលើ “កសាង ហ្វឹកហ្វឹន ប្រតិបត្តិការ” និង ការគ្រប់គ្រងកងទ័ពជាប្រចាំ “ហូប ស្នាក់នៅ ស្លៀកពាក់ រៀនសូត្រ ពិនិត្យព្យាបាយសុខភាព សម្ភារៈមធ្យោបាយ សរសើរលើកទឹកចិត្ត ដោះស្រាយទុក្ខបាក កម្សាន្តសប្បាយ”។ ទិសស្លោករបស់កងរាជអាវុធហត្ថ “ហ្វឹកហ្វឺនរៀនសូត្រលើកកម្ពស់សមត្ថភាព គុណធម៌ សីលធម៌ និងរស់នៅរៀនសូត្រ ធ្វើការងារតាមច្បាប់” ព្រមទាំងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស “តាមបទពិសោធន៍ដែលទទួលជោគជ័យ គឺ ហ្វឹកហ្វឺន រៀនសូត្រទ្រឹស្តីរួច អនុវត្ត អនុវត្តន៍មួយរយៈពេលរួចហើយហ្វឹកហ្វឺន រៀនសូត្រវិញ”។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណ នាយទាហានទទួលការងារគ្រប់ជំនាញទាំងអស់ បានសហការគ្នាល្អ រៀបចំឱ្យមានវគ្គបំប៉ននេះ ហើយនឹងដំណើរការតាមផែនការកម្មវិធីដែលបានសម្រេចរួច។ អម្បាញ់មិញ លោកឧត្តមសេនីយ៍ត្រី ខៀវ រដ្ឋា ស្នងការរង ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអានរបាយការណ៍ និងបទបញ្ជាផ្ទៃក្នុងនៃវគ្គបំប៉ននេះ ខ្លឹមសារមេរៀនសំខាន់ៗមានតែ៥ប៉ុណ្ណោះ ដែលសិក្ខាកាមទាំងអស់ត្រូវសិក្សារៀនសូត្រ រយៈពេលសិក្សាចំនួន២សប្ដាហ៍។ រីឯ គោលដៅនិងគោលបំណង សម្រាប់វគ្គបំប៉ននេះ គឺ៖
I- អំពីគោលដៅ៖
១- ពង្រឹងរចនាសម្ពន្ធ តួនាទី ភារកិច្ច ជំនាញទំនាក់ទំនងកិច្ចការសាធារណៈ តាមរយៈខ្សែបណ្ដោយ ឱ្យរលួន ទទួលខុសត្រូវខ្ពស់។
២- ពង្រឹងសមត្ថភាពនាយទាហាន ជាពិសេសគុណភាព ជំនាញថតរូបនិងការសរសេរអត្ថបទព័ត៌មានទូទាំងប្រទេស ឱ្យកាន់តែល្អប្រសើរ ស្របនឹងបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ន។
៣- ចូលរួមចំណែកកសាងកងរាជអាវុធហត្ថ រឹងមាំ និងមានជំនឿទុកចិត្តពីសំណាក់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ និងពីប្រជាជនទូទាំងប្រទេស។
II- អំពីគោលបំណង៖
១- ឱ្យយល់ដឹងច្បាប់ស្តីពីរបបសារព័ត៌មាន និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ក្នុងការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញព័ត៌មានសង្គម និងសារព័ត៌មាននានា។
២- ពង្រឹងសមត្ថភាពដល់នាយទាហាននៃកងរាជអាវុធហត្ថតាមបណ្ដាស្ថាប័ន អង្គភាព ដែលទទួលជំនាញទំនាក់ទំនងកិច្ចការសាធារណៈ ជាពិសេសជំនាញអប់រំផ្សព្វផ្សាយ យល់ដឹង ចេះ ជំនាញថតរូប និងសរសេរអត្ថបទព័ត៌មាន ឱ្យបានស្ទាត់ជំនាញ ច្បាស់លាស់ ស្របតាមច្បាប់។
ដើម្បីឆ្លើយតបទៅនឹងគោលដៅ គោលបំណងខាងលើ ឱ្យមានប្រសិទ្ធភាពខ្ពស់ និង វគ្គបំប៉ននេះដំណើរការប្រព្រឹត្តទៅដោយរលួន ទទួលបាននូវលទ្ធផលល្អ ខ្ញុំស្នើអស់លោកយកចិត្តទុកដាក់ខ្ពស់នូវសំណូមពរដូចខាងក្រោម៖
១. ត្រូវចេញដំណើរមកឱ្យទាន់ពេលវេលាដល់វិទ្យាស្ថានកងរាជអាវុធហត្ថកំបូល ព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ដូចមានកំណត់ក្នុងកម្មវិធី។ ចំពោះមធ្យោបាយ ការហូប ការស្នាក់នៅ បានបញ្ជាក់ច្បាស់ហើយ ជាបន្ទុករបស់សិក្ខាកាម និងស្ថាប័ន អង្គភាពសាមី។
២. ចំពោះសិក្ខាកាមត្រូវយល់ថា យើងមកទីនេះ គឺមករៀនសូត្រ ដូច្នេះត្រូវខិតខំស្ដាប់ កត់ត្រា រាល់ការអប់រំ បង្ហាត់បង្ហាញរបស់គ្រូ គោរពបទបញ្ជាផ្ទៃក្នុងឱ្យបានដាច់ខាត។ ត្រូវរៀនបង្កើតការឆ្ងល់ រកសំណួរសួរទៅគ្រូ ឱ្យបានផុលផុស ជាមួយគ្នានោះ ត្រូវរៀនសូត្រពីគំរូល្អរបស់មិត្តភក្តិទាំងរបៀបរស់នៅ ការរៀនសូត្រ និងការធ្វើការ។ ថែទាំទុកដាក់រៀបចំសម្ភារសិក្សា ស្លៀកពាក់ឱ្យបានត្រឹមត្រូវតាមការកំណត់ និងត្រូវចេះថែទាំសុខភាព ហាត់ប្រាណ លេងកីឡា ។ល។
៣. ចំពោះនាយទាហាន ជាអ្នកគ្រប់គ្រង និងសម្របសម្រួល មានលោកឧត្តមសេនីយ៍ត្រី ខៀវ រដ្ឋា និងលោកវរសេនីយ៍ទោ នាង ឃន ត្រូវពិនិត្យតាមដានការរៀនសូត្រនេះ ស្របនឹងផែនការកម្មវិធី ប្រតិទិន មេរៀន ចាប់ពីថ្ងៃទី២៣ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។ ទំនាក់ទំនងជាមួយគ្រូ ធ្វើការវាយតម្លៃ ផ្តល់ពិន្ទុ ជាពិសោធន៍សម្រាប់អនុវត្តនាពេលក្រោយទៀត។
៤. ចំពោះយោធាចារ្យនិងគ្រូ ត្រូវមានប្លង់មេរៀន ឯកសារ និងគរុកោសល្យ ផ្ទេរចំណេះដឹងទៅឱ្យសិក្ខាកាមអនុវត្តឱ្យបានម៉ត់ចត់នូវកម្មវិធីដែលបានកំណត់។
៥. ចំពោះវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល៖
- រៀបចំសណ្តាប់ធ្នាប់ឱ្យមានរបៀបរៀបរយ
- រៀបចំបន្ទប់សិក្សាសម្រាប់វគ្គបំប៉ននេះ
ជាទីបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈអធិបតី នាយទាហាននៃកងរាជអាវុធហត្ថ និងអង្គពិធីទាំងមូល សូមជូនពរទទួលបាននូវពុទ្ធពរទាំង៥ ប្រការ គឺៈ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ ។