តាកែវ៖ នៅទីបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ ព្រឹកថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំកិច្ចប្រជុំជួរបញ្ជាការដើម្បីត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចកងរាជអាវុធហត្ថ ដោយមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ និងនាយការិយាល័យ ដែលពាក់ព័ន្ធ។
ខ្លឹមសារសំខាន់ៗក្នុងកិច្ចប្រជុំរួមមានពង្រឹងការងារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ពង្រឹងលើការងារល្បាតចល័តនៅក្នុងភូមិសាស្ត្រទូទាំងខេត្ត ដើម្បីបង្ការ បង្រ្កាប នូវរាល់បទល្មើសឱ្យបានទាន់ពេលវេលា។ ជាពិសេសលោកឧត្ដមសេនីយ៍ មេបញ្ជាការខេត្ត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ត្រូវ បង្រ្កាបក្មេងទំនើងដែលបង្កការអុកឡុកធ្វើឱ្យខូចសណ្តាប់ធ្នាប់ក្នុងសង្គមឱ្យខានតែបាន និងបានប្រជុំត្រួតពិនិត្យការអនុវត្ត តួនាទីភារកិច្ចក្នុងអង្គភាព ។ នៅក្នុងកិច្ចប្រជុំនោះដែរ លោកឧត្តមសេនីយ៍ មេបញ្ជាការ បានដាក់ផែនការមួយចំនួននាឱកាសបុណ្យអុំទូកអកអំបុក សំពះព្រះខែនាពេលខាងមុខ ដើម្បីការពារ រក្សាសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ដែលអញ្ជើញចូលរួមបុណ្យប្រពៃណីជាតិខ្មែរផងដែរ។