You are currently viewing ឃាត់ខ្លួនបុរសម្នាក់ ជាប់ពាក់ព័ន្ធជាមួយករណីហិង្សាដោយចេតនា ទៅលើគូរស្នេហ៍របស់ខ្លួន

ឃាត់ខ្លួនបុរសម្នាក់ ជាប់ពាក់ព័ន្ធជាមួយករណីហិង្សាដោយចេតនា ទៅលើគូរស្នេហ៍របស់ខ្លួន

បន្ទាយមានជ័យៈ យោងតាមពាក្យបណ្ដឹងចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ របស់ជនរងគ្រោះ ឈ្មោះ ប្រម ពីសី ភេទស្រី អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រអូរនាង រស់នៅភូមិអូរឫស្សីក្រោម សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្ដឹងឈ្មោះ ហេវ ផល្លី ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅបណ្ដោះអាសន្ន
ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពីបទ ហិង្សាដោយចេតនា ដែលប្រព្រឹត្តកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចរោងការ ស្ថិតក្នុងភូមិប្រជាធម្ម សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតចំនួន០៥នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ជា ដា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះអន្តរាគមន៍ និងស្រាវជ្រាវរហូតឈានទៅដល់ការឃាត់ខ្លួនបានជនសង្ស័យតាមពាក្យបណ្ដឹង នៅវេលាម៉ោង១៣ និង១៥នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ហើយបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីសាកសួរ។

លោកវរសេនីយ៍ត្រី ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌បានអោយដឹងថា ក្រោយពីសមត្ថកិច្ចជំនាញសាកសួរចម្លើយរួចមក ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនគេពិតជាបានប្រព្រឹត្តអំពើវាយតប់ទៅលើជនរងគ្រោះឈ្មោះប្រម ពីសី បណ្ដាលអោយបាក់ធ្មេញ និងរងរបួសធ្ងន់ពិតប្រាកដមែន ដោយសារខ្លួនគេទូរស័ព្ទទៅជនរងគ្រោះមិនចូល ហើយឃើញអង្គុយជាមួយប្រុសផ្សេងទៀតផង។

ជនសង្ស័យបានបញ្ជាក់ទៀតថា ជនរងគ្រោះ និងខ្លួនគេគឺជាគូរសង្សានឹងគ្នា។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់។


(អត្ថបទ ឡាក់ ភី)