កណ្តាល៖ នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានរៀបចំពិធីបើកវគ្គបំប៉នជំនាញកងរាជអាវុធហត្ថ ឆមាសទី១ ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី មេបញ្ជាការរង នាយសេនាធិការរង ប្រធាន-ប្រធានអនុមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុក ព្រមទាំងគ្រូឧទ្ទេសនាម និងសិក្ខាកាម (សរុបចំនួន ៩៥នាក់)។ ក្នុងឱកាសនោះលោកមេបញ្ជាការ ក៏បានផ្តាំផ្ញើដល់នាយទាហាន នាយទាហានរងនិងសិក្ខាកាមទាំងអស់ ពេលរៀនសូត្រត្រូវយកចិត្តទុកដាក់ស្តាប់ក្រេបជញ្ជក់យកចំណេះដឹងដែលបានសិក្សារៀនសូត្រ ពេលទៅអង្គភាពវិញត្រូវយកចំណេះដឹងដែលបានមកពីការបំប៉នរៀនសូត្រនេះ ទៅអនុវត្តក្នុងការបំពេញតួនាទី ភារកិច្ច ឲ្យចំទិសដៅ ត្រូវគោរពបទបញ្ជា វិន័យ មានគុណធម៌ សាមគ្គីឯកភាពផ្ទៃក្នុង និងមានកិច្ចសហការល្អជាមួយគ្រប់ស្ថាប័នមានសមត្ថកិច្ច អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ជៀសវៀងធ្វើអ្វីនាំឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងសេចក្ដីថ្លៃថ្នូរ របស់កងរាជអាវុធហត្ថ។ ទាំងនេះជាអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តែងតែក្រើនរំលឹក ដាស់តឿន ដល់ថ្នាក់ក្រោមឲ្យអនុវត្តជាប្រចាំ ជាពិសេសត្រូវចូលរួមការពារនិងថែរក្សា សន្តិភាព ទោះឋិតនៅក្នុងតម្លៃណាកដោយ។