កំពង់ស្ពឺៈយ៉ាងតិចណាស់មានកន្លែងស្តុកឈើល្មើសច្បាប់ចំនួន៨កន្លែង ស្ថិតនៅក្នុងដីឡូត៍មួយដ៏ធំ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយនឹងកម្លាំងក្រុមស្រាវជ្រាវព័ត៌មាន និងបង្ក្រាបបទល្មើសព្រៃឈើរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការសម្របសម្រួលពីតំណាងអយ្យការ បានរកឃើញ នៅចំណុចភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ ។
ក្នុងនោះកម្លាំងកងរាជអាវុធហត្ថ បានរកឃើញជាបឋមមានគំនរឈើចំនួន៨កន្លែង ឈើខ្លះដាក់នៅក្នុងឃ្លាំង ដាក់នៅក្នុងរោងនលាក់ទុកនៅក្នុងស្រះទឹក និងទីវាលកន្លែងសិប្បកម្ម នៅក្នុងរថយន្តកូរ៉េ និងនៅក្នុងរថយន្តឃ្លប់ បិទផ្លាកយីហោភេសជ្ជៈរបស់ចិន ហើយទីតាំងមួយកន្លែងៗនៅក្នុងឃ្លាំងដដែលនោះ ក៏បានរកឃើញនូវប្រភេទឈើរាជកុល ដែលមានមុខកាត់ធំៗ ដែលឈ្មួញបានយកអុសទៅគ្របពីលើជាការបិទបាំង។
បច្ចុប្បន្ន មន្ត្រីជំនាញកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី។