(បន្ទាយមានជ័យ): នៅវេលាម៉ោង២៣និង៣០នាទី ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែតបានដឹកនាំកម្លាំងធ្វើប្រតិបត្តិការបង្ក្រាបករណីក្រុមក្មេងទំនើងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនបានចំនួន២៦នាក់ នៅចំណុចឣគារថ្មី ស្ថិតក្នុងភូមិឣូរជ្រៅ សង្កាត់ឣូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រមទាំងដកហូតវត្ថុតាងរួមមាន គ្រឿងញៀនប្រភេទម៉្សៅក្រាមសថ្លា (CIE) ចំនួន០៥កូនថង់កិប ស្មើនឹងទម្ងន់ ០,៩៨ក្រាម, ទូរស័ព្ទដៃចំនួន០២គ្រឿង, និងសម្ភារៈមួយចំនួន ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា មុនពេលបង្ក្រាបករណីខាងលើនេះ នៅវេលាម៉ោង២៣និង៣០នាទី ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលព័ត៌មានពីប្រជាពលរដ្ឋថាមានក្មេងទំនើងប្រមូលផ្ដុំគ្នាប្រើប្រាស់គ្រឿងញៀននៅចំណុចឣគារថ្មី ស្ថិតក្នុងភូមិឣូរជ្រៅ សង្កាត់ឣូរជ្រៅ ក្រុងប៉ោយប៉ែត ទើបលោករាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជឣាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជឣាជ្ញា ឣមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងចុះដល់កន្លែងកើតហេតុ ហើយធ្វើការឃាត់ខ្លួនបានចំនួន៣៥នាក់ (ប្រុសទាំងឣស់)។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ទៀតថា ក្រុមក្មេងទំនើងទាំង៣៥នាក់ ក្រោយពីសួរនាំ និងធ្វើតេស្តរកសារធាតុញៀនក្នុងទឹកនោមឃើញថាឣវិជ្ជមានចំនួន០៩នាក់ ហើយត្រូវបានកម្លាំងជំនាញធ្វើការឣប់រំ និងធ្វើកិច្ចសន្យា ដើម្បឱ្យឪពុក ម្ដាយ ធ្វើលិខិតធានាឱ្យវិលត្រឡប់ទៅផ្ទះវិញ ចំណែកក្មេងទំនើងដែលមានសារធាតុញៀន ២៦នាក់ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី។