កំពង់ចាមៈ នៅវេលាម៉ោង ១៩ និង៣០នាទី ព្រលប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងកំពង់ចាម បានធ្វើការឃាត់ខ្លួនអនីតិជនម្នាក់ ស្ថិតនៅចំណុចរង្វង់មូលសេះពីរ(ទន្លេអំុ) ស្ថិតនៅភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម សង្ស័យជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។
នេះបើតាមការឱ្យដឹងពីមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ចាម បានឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះមានឈ្មោះ រស់ ថៃ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិបឹងកុកទី២ សង្កាត់បឹងកុក ក្រុងកំពងចាម ខេត្តកំពង់ចាម។
មន្ត្រីដដែល បានបន្តឱ្យដឹងទៀតថា នៅមុនពេលកើតហេតុ ស្ថិតនៅចំណុចកើតហេតុខាងលើ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងកំពង់ចាម បានបំពេញបេសកកម្មល្បាត ជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីការពារសុវត្តិភាពជាប្រចាំថ្ងៃ ស្រាប់តែបានប្រទះឃើញអនីតិជនខាងលើ ដែលជាមុខសញ្ញាចែកចាយគ្រឿងញៀនចាស់។ ពេលនោះ កម្លាំងកងរាជអាវុធហត្ថ ក៏បានតាមដានសកម្មភាព អនីតិជនខាងលើនោះ ហាក់ដូចជាមានការសង្ស័យ ក៏បានសុំអនីតិជននោះ ធ្វើការឆែកឆេរ ក៏បានប្រទះឃើញវត្ថុតាងមួយចំនួនរួមមានៈ
១. ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន០៥កញ្ចប់ ដែលមានទម្ងន់ស្មើ ០.៧៤ក្រាម
២. ទូរស័ព្ទដៃ ចំនួន០១គ្រឿង។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
(អត្ថបទ ម៉ាន់ ដាវីត)