កណ្តាល៖ អនុវត្តនូវភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ និងអនុវត្តតាមប្រសាសន៍ដឹកនាំ ព្រមទាំងមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកណ្តាល ដែលឯកឧត្តម តែងតែដាស់តឿន ក្រើនរម្លឹក ដល់មេបញ្ជាការគ្រប់កងឯកភាពឲ្យយកចិត្តទុកដាក់ពង្រឹងបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្ការ បង្ក្រាបនូវរាល់បទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋានក៏ដូចជាបទល្មើសគ្រឿងញៀន លួច ឆក់ ប្លន់ ក្មេងទំនើង ពិសេសអនុវត្តតាមទិសស្លោករបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា «ប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប»។
ជាក់ស្តែង នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ មានករណីហិង្សាដោយចេតនាធ្វើឲ្យខូចខាតដោយចេតនា មួយកើតឡើងនៅចំណុចក្នុងឃុំសំរោង ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ក្រោយពីទទួលបានព័ត៌មានរឿងហេតុខាងលើភ្លាម លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានបញ្ជាកម្លាំងជំនាញពាក់ព័ន្ធចុះស្រាវជ្រាវ ស្វែងរកឃាត់ខ្លួនមុខសញ្ញាដែលធ្វើសកម្មភាពខាងលើ។ ដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល។
កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល និងស្រុកកៀនស្វាយ បានធ្វើការស្រាវជ្រាវរហូតកំណត់បាននូវមុខសញ្ញាធ្វើសកម្មភាពឈានដល់ការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បាន ចំនួន ០៨នាក់ និងចាប់ុយកវត្ថុតាងកាំបិតផ្គាក់ ០២, កាំបិតបុ័ងតោ ០១, ម៉ូតូ ០១គ្រឿង, ទូរស័ព្ទ ០៥គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល និងឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាលរួច។