កណ្តាលៈ នៅវេលាម៉ោង ២២ និង០០នាទី យប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាល បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ស្ថិតនៅចំណុចភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល សង្ស័យជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។
នេះបើតាមការឱ្យដឹងពីលោក ពក សាង មន្ត្រីកងរាជអាវុធហត្ថខេត្តកណ្តាល បានឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
០១. ធឿន ធិន ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ជនជាតិខ្មែរ មានទីលំនៅភូមិកណ្តាល ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល
០២. ជួន សុភ័ស្ត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស ទីលំនៅភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
មន្ត្រីដដែល បានបន្តឱ្យដឹងទៀតថា នៅមុនពេលកើតហេតុ ស្ថិតនៅចំណុចកើតហេតុខាងលើ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាល បានបំពេញបេសកកម្មល្បាត ជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីការពារសុវត្តិភាពជាប្រចាំថ្ងៃ ស្រាប់តែបានប្រទះឃើញជនសង្ស័យទាំង០២នាក់ កំពុងចរាចរណ៍នូវសារធាតុញៀននោះ កម្លាំងក៏បានធ្វើការឃាត់ខ្លួនភ្លាមៗ និងបានចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
១. ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន០៥កញ្ចប់
២. ទូរស័ព្ទដៃ ចំនួន០២គ្រឿង
៣. ម៉ូតូ ចំនួន០២គ្រឿង។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
(អត្ថបទ ម៉ាន់ ដាវីត)