ស្វាយរៀងៈ សេចក្តីរាយការណ៍បឋមបានឱ្យដឹងថា យ៉ាងហោចណាស់មានកម្មករ-កម្មការនីជាង៤៥នាក់បានរងរបួសធ្ងន់ និងស្រាល ក្រោយកើតហេតុគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យក្រឡាប់រថយន្តកម្មករ ស្ថិតលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចភូមិព្រៃផ្តៅសង្កាត់ច្រកម្ទេស ក្រុងបាវិត កាលពីវេលាម៉ោង០៧ និង១០នាទីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦នេះ។
ចំពោះ មូលហេតុ ត្រូវគេដឹងថា គឺមកពីការបើកជែងគ្នា ទើបជ្រុលចង្កូតក្រឡាប់ផ្ងាជើងឡើងលើចាក់កម្មករកម្មការនីចោលលើ ចិញ្ចើមថ្នល់ រងរបួសធ្ងន់ធ្ងរ១៥នាក់ ក្នុងនោះ ស្ត្រីមានផ្ទៃពោះម្នាក់ និងស្រាល៣០នាក់ ។
ក្នុងនោះគេសង្កេតឃើញថា មានកម្លាំងចម្រុះ រួមទាំងកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង បានចេញប្រតិបត្តិការសង្គ្រោះ ដោយជួយដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ទៅកាន់មន្ទីរពេទ្រ បង្អែកបានទាន់ពេលវេលា និងឆាប់រហ័ស។
(អត្ថបទ ម៉ាន់ ដាវីត)