បាត់ដំបងៈ បើតាមប្រភពពត៌មានពីភ្នាក់ងារ GRK News បានឲ្យដឹងថា កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំពៅលលូន បានធ្វើការដេញតាមឃាត់ខ្លួនបុរសម្នាក់ កាលពីវេលាម៉ោង៤ និង១០នាទីទាបភ្លឺថ្ងៃទី២៣ ខែធ្នូនេះ ខណៈជននេះកំពុងដើរក្បែមាត់អូរព្រំដែនខ្មែរ ថៃ ស្ថិតក្នុងភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ដែលគេសង្ស័យមានជាប់ពាក់ព័ន្ធនឹងករណីរក្សាទុកនូវសារធាតុញៀនដោយ ខុសច្បាប់នៅជាប់ខ្លួន។ បុរសនោះឈ្មោះង៉ែត ម៉ាច អាយុ៤១ឆ្នាំ រស់នៅក្នុងភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ភ្នាក់ងារបានបន្តឲ្យដឹងទៀតថា កម្លាំងកងរាជអាវុធហត្ថបានធ្វើការល្បាតនាវេលាទាបភ្លឺ ក៏បានប្រទះឃើញជនសង្ស័យរូបនេះកំពុងដើរ ម្នាក់ឯង តែជននេះបែរជារត់គេចខ្លួនពេលឃើញកម្លាំងអាវុធហត្ថ ទើបធ្វើឲ្យមានការសង្ស័យ។ ប្រភពដដែលបានបញ្ជាក់ទៀតថា ពេលដែលជនសង្ស័យបានរត់គេចខ្លួននោះ ជនសង្ស័យក៏បានបោះកញ្ចប់អ្វីម្យ៉ាងចោលទៅក្បែរនោះ ហើយកម្លាំងកងរាជអាវុធហត្ថបានរកឃើញ និងឆែកមើល ទើបដឹងថាជាថ្នាំញៀន។
ថ្នាំញៀនដែលជាវត្ថុតាង ពេលកម្លាំងកងរាជអាវុធហត្ថប្រមូលបាន ពេលជនសង្ស័យបោះចោលនោះមាន ថ្នាំញៀនមេតំហ្វេតាមីនគ្រាប់ (WY) ចំនួន១៤០គ្រាប់ និងថ្នាំញៀនប្រភេទម្សៅក្រាមពណ៌ស ICE (ម៉ាទឹកកក) ចំនួន០៤កញ្ចប់ មានទម្ងន់២,៩៣ក្រាម។
បច្ចុប្បន្ន ជនសង្ស័យឈ្មោះ ង៉ែត ម៉ាច ត្រូវបានកម្លាំងកងរាជអាវុធហត្ថ កំពុងស្រាវជ្រាវតាមរកចាប់ខ្លួន ដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕
(អត្ថបទៈ ម៉ាន់ ដាវីត)