ត្បូងឃ្មុំៈ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្តម ឧត្ដមសេនីយ៍ត្រី វ៉ា សារិទ្ធ បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយបន្ត បទឧទ្ទេសនាមរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្ដីអំពីផែនការការងាររបស់កងរាជអាវុធហត្ថ ដល់នាយទាហានបង្គោល នៃកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ដែលឧទ្ទេសនាមដោយលោកវរសេនីយ៍ទោ អ៊ាង ភារៈ មេបញ្ជាការរង-នាយសេនាធិការ កងរាជអាវុធហត្ថខេត្ត។
ពិធីនេះមានការចូលរួមពីនាយ នាយរង និងពលអាវុធហត្ថទូទាំងខេត្ត និងកងអនុសេនាធំចល័តលេខ៦ បានចូលរួមផងដែរ ដែលមានចំនួនសរុប ១៥៥នាក់។
ក្នុងពិធីប្រជុំផ្សព្វផ្សាយនោះដែរលោក ឧត្ដមសេនីយ៍ត្រី បានលើកឡើងថា ការផ្សព្វផ្សាយនេះគឺមានគោលបំណង អោយនាយ នាយរង និងពលអាវុធហត្ថទាំងអស់អោយយល់ដឹងពីសភាពការណ៍អន្តរជាតិ សភាពការណ៍ក្នុងប្រទេស សភាពការណ៍កងរាជអាវុធហត្ថ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកឧត្ដមសេនីយ៍ត្រី បានលើកយកចំណុចខ្វះខាតនិងបញ្ហាប្រឈមមួយចំនួនដូចជា៖ -ការពាក់ព័ន្ធគ្រឿងញៀន -ការគ្រប់គ្រងនិងប្រើប្រាស់អាវុធ -ការទន្ទ្រានកាន់កាប់ដីរដ្ឋ -ការបំផ្លិចបំផ្លាញធនធានធម្មជាតិដោយផ្ទាល់ឬប្រយោល -បញ្ហាល្បែងស៊ីសងដែលជាប្រភពបង្កើតបទល្មើស -ការជួញដូរមនុស្ស -ការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមហ្វេសបុក និងពាក់ព័ន្ធបទល្មើសផ្សេងៗទៀតផងដែរ។ លោកឧត្ដមសេនីយ៍ត្រី បានមានប្រសាសន៍ផ្ដាំផ្ញើដល់នាយ នាយរង និងពលអាវុធហត្ថទាំងអស់អោយយកចំណេះដឹងដែលទទួលបានពីការផ្សព្វផ្សាយ ទៅអនុវត្តន៍អោយសមស្របទៅតាមវិជ្ជាជីវ:ជាកងរាជអាវុធហត្ថ និងស្របតាមអនុសាសន៍ទាំង៩ចំណុច របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
(អត្ថបទ អ៊ាង ភារះ)